(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីប្រទេសមួយចំនួនកំពុងរៀបចំផ្លាស់ប្ដូរទីក្រុងរដ្ឋបាលថ្មីក៏ដោយ តែរាជរដ្ឋាភិបាលកម្ពុជាគ្មានផែនការលើករាជធានីចេញពីភ្នំពេញនោះឡើយ ពោលគឺមានតែការពង្រឹង-ពង្រីកការអភិវឌ្ឍឱ្យកាន់តែរីកចម្រើននៅហ្នឹងកន្លែងបន្ថែមទៀត។

ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលមានតម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្ដេចធិបតីបានថ្លែងថា «កម្ពុជាគ្មានផែនការលើកទីក្រុងទៅណាទេ ប្រទេសខ្លះគេលើក ដូចជាឥណ្ឌូណេស៊ីកំពុងរៀបចំទីក្រុងថ្មីនៅលើកោះបរណេអូ ដើម្បីជំនួសក្រុងចាស់បច្ចុប្បន្ននៅហ្សាការតា ហើយនៅប្រទេសភូមាក៏ធ្លាប់ផ្លាស់ប្ដូរទីក្រុងពីយ៉ាំងហ្គូនទៅណៃពិដោរបច្ចុប្បន្នដែរ..​...ភ្នំពេញ ខ្ញុំថាអត់ចាំបាច់រើទៅណាទេ»

សម្ដេចធិបតីបានបន្តថា ក្នុងប្រវត្តិសាស្ត្រកម្ពុជាគឺធ្លាប់ផ្លាស់ប្ដូររាជធានីច្រើនលើកមកហើយ រាប់តាំងពីរាជធានីអង្គររហូតមកដល់រាធានីភ្នំពេញបច្ចុប្បន្ននេះ ដូច្នេះមិនចាំបាច់លើករាជធានីទៅកន្លែងផ្សេងទៀតទេ គឺត្រូវពង្រឹងការអភិវឌ្ឍនៅហ្នឹងកន្លែង ពង្រីកហេដ្ឋារចនាសម្ពន្ធនៅទីក្រុងភ្នំពេញបច្ចុប្បន្នឱ្យកាន់តែរីកចម្រើន។

ជាការពិតណាស់ នៅក្នុងប្រវត្តិសាស្ត្រជិត៦០០ឆ្នាំចុងក្រោយនេះ កម្ពុជាបានផ្លាស់ប្ដូររាជធានីយ៉ាងតិច៦លើក ក្នុងនោះគិតចាប់តាំងពីព្រះបាទពញាយ៉ាតផ្លាស់ប្ដូររាជធានីពីក្រុងយសោធរបុរៈ ឬក្រុងអង្គរបច្ចុប្បន្ន មកកាន់រាជធានីទួលបាសាន្ត នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបច្ចុប្បន្ន តែមួយឆ្នាំក្រោយមក ព្រះអង្គបានរើរាជធានីពីទួលបាសាន្តមកក្រុងចតុម្មុខមង្គល ដែលជាក្រុងភ្នំពេញបច្ចុប្បន្ន។ នៅក្នុងរាជ្យព្រះស្រីជេដ្ឋា ហ្លួងព្រះស្ដេចកន ព្រះអង្គបានតាំងរាជធានីនៅក្រុងស្រឡប់ដូនតី នាខេត្តត្បូងឃ្មុំបច្ចុប្បន្ន។ លុះដល់ក្នុងរាជ្យព្រះបាទចន្ទរាជា ព្រះអង្គក៏បានកសាងរាជធានីថ្មីនៅក្រុងលង្វែក នាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងរាជ្យព្រះបាទស្រីសុរិយោពណ៌ ព្រះអង្គក៏បានតាំងរាជធានីនៅក្រុងឧដុង្គមានជ័យ និងបានចាប់ផ្ដើមទំព័រសម័យឧដុង្គចាប់ពីពេលនោះមក។ ប៉ុន្តែក្នុងសម័យឧដុង្គដដែលនេះ ព្រះរាជាក្រោយៗបានផ្លាស់ប្ដូររាជធានីប៉ុន្មានលើកទៀតដែរ​ ដូចជា កោះស្លាកែត ល្វាឯមជាដើម ហើយក៏វិលទៅរាជធានីឧដុង្គវិញ។ ចុងក្រោយ នៅក្នុងសម័យអាណានិគមនិយមបារាំង ពោលគឺក្នុងរជ្ជកាលព្រះបាទនរោត្តម ព្រះអង្គក៏បានសម្រេចផ្លាស់រាជធានីពីក្រុងឧដុង្គមកក្រុងភ្នំពេញវិញនៅឆ្នាំ១៨៦៥ ដែលជាលើកទី២ដែលភ្នំពេញក្លាយជារាជធានីរបស់ប្រទេសកម្ពុជា ហើយក៏បន្តអាយុកាលរហូតដល់ពេលបច្ចុប្បន្ន។ មកដល់ពេលនេះ រាជធានីភ្នំពេញទី២មានអាយុកាល១៥៩ឆ្នាំមកហើយ។

គួរជម្រាបដែរថា នៅក្នុងតំបន់អាស៊ានមានប្រទេសចំនួន៣ដែលបានផ្លាស់ប្ដូរ និងកំពុងផ្លាស់ប្ដូរាជធានី/រដ្ឋធានីរបស់ខ្លួន ក្នុងនោះរួមមាន៖

១. ប្រទេសម៉ាឡេស៊ី៖ ទោះបីទីក្រុងគូឡាឡាំពួរនៅតែជាទីក្រុងដ៏សំខាន់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ក៏ពិតមែន ប៉ុន្តែម៉ាឡេស៊ីក៏បានរៀបចំទីក្រុងមួយទៀតជាទីក្រុងរដ្ឋបាលថ្មីតាំងពីឆ្នាំ១៩៩៩ នោះគឺទីក្រុងពុតត្រាចាយ៉ា (Putrajaya) ដែលមានន័យជាភាសាខ្មែរថា «បុត្រាជ័យ»។ ទីក្រុងរដ្ឋបាលថ្មីនេះមានចម្ងាយជិត៤០គីឡូម៉ែត្រខាងត្បូងទីក្រុងគូឡាឡាំពួរបច្ចុប្បន្ន។

២. ប្រទេសមីយ៉ាន់ម៉ា បានផ្លាស់ប្ដូររដ្ឋធានីពីក្រុងយ៉ាំងហ្គន មកទីក្រុងណៃពិដោរវិញ (Nay Pyitaw) នៅឆ្នាំ២០០៦។

៣. ប្រទេសឥណ្ឌូណេស៊ី កំពុងបង្កើតរដ្ឋធានីថ្មីនៅលើកោះកាលីម៉ាន់តាន់ ឬកោះបរណេអូ ដើម្បីជំនួសទីក្រុងហ្សាការតាបច្ចុប្បន្ន (ស្ថិតនៅលើកោះជ្វា) ដែលជួបបញ្ហាស្រុតដី ទឹកជំនន់ ប្រជាជនច្រើន និងឧបសគ្គក្នុងការពង្រីកទីក្រុង។ ទីក្រុងថ្មីនេះត្រូវបានរដ្ឋាភិបាលប្រសិទ្ធនាមថា នូសាន់តារ៉ា (Nusantara) ដែលមានន័យជាភាសាខ្មែរថា «អន្តរកោះ»