(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល អាជ្ញាធររាជធានីភ្នំពេញ គ្មានផែនការហាមឃាត់ប្រជាពលរដ្ឋបង្កើតកូនច្រើននោះទេ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា ក៏មិនបានហាមឃាត់ពលរដ្ឋ ក្នុងការទិញយានយន្តនោះឡើយ លើសពីនេះរាជរដ្ឋាភិបាល បានពន្លឿន និងគិតគូរបន្ថែមលើការដោះស្រាយបញ្ហារចរាចរណ៍ ក្នុងរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋផងដែរ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល អាជ្ញាធររាជធានីភ្នំពេញ គ្មានផែនការហាមឃាត់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញបង្កើតកូនច្រើននោះទេ ក្នុងនោះមួយគ្រួសារប្រសិនបើអាចបង្កើតកូនបានត្រឹម៥នាក់កាន់តែល្អប្រសើរ ជាក់ស្ដែងប្រជាពលរដ្ឋរស់ក្នុងទីក្រុងភ្នំពេញ ពុំទាន់ចង់យកកូនច្រើននោះទេ តាមមធ្យមភាគតួលេខទូទាំងប្រទេសកម្ពុជា អត្រាពលរដ្ឋមានកូនមានត្រឹម១កន្លះប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា «រាជរដ្ឋាភិបាលកម្ពុជាក៏គ្មានផែនការ ហាមឃាត់ប្រជាពលរដ្ឋ ក្នុងការទិញយានយន្ដដូចជា ម៉ូតូ, កង់, រថយន្ដ ឬមធ្យោបាយដឹកជញ្ជូនផ្សេងៗនោះទេ។ ក្នុងនោះខ្ញុំបានសួរនាំប្រជាពលរដ្ឋ រស់នៅតាមស្រុកភូមិ ដោយលើកឡើងថា ស្រូវឡើងថ្លៃលក់ស្រូវបាននឹងទិញឡាន ទិញម៉ូតូឲ្យកូនបន្ថែមទៀត»

សម្ដេចធិបតីក៏បានលើកឡើងថា បន្ថែមពីនេះក៏ត្រូវគិតគូរដោះស្រាយបញ្ហាចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដោយត្រូវចាប់ផ្ដើមពីពេលឥឡូវនេះតែម្ដង កន្លងមកយើងបានគិរគូរពីបញ្ហាចរាចរណ៍នេះ ដោយសម្ដេចតេជោ ហ៊ុន សែន បានឲ្យសិក្សាជាច្រើន ហើយរហូតដល់បច្ចុប្បន្ននេះយើងត្រូវតែបន្ដបន្ថែមទៀត៕