(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបថា មានមនុស្សបានព្យាយាមអន្តរាគមន៍ជួយជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រតិដ្ឋរឿងអាក្រក់ពីកម្ពុជា ថាខ្លួនត្រូវបានចាប់ជម្រិត តែសម្តេចធិបតី បានបដិសេធ។ សម្តេចធិបតី បានប្រកាសថា នឹងមិនអនុគ្រោះដល់បុគ្គលទាំងឡាយណា ដែលមានចេតនាអាក្រក់លើកម្ពុជា និងបំភ្លៃរឿងនៅកម្ពុជា នោះឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កម្ពុជា បានប្រឹងប្រែងប្រើរយៈពេលជាង ២០ឆ្នាំ ក្នុងការកសាង​រូប​ភាពកម្ពុជា មានសុខសន្តិភាព និងមានស្ថិរភាព តែមួយរយៈចុងក្រោយនេះ តាមរយៈបណ្តាញផ្សព្វ​ផ្សាយបរទេស និងបញ្ហាមួយចំនួន ធ្វើឱ្យប៉ះពាល់ដល់រូបភាពស្ថិរភាពរបស់កម្ពុជា។ ការខិតខំកសាងមុខមាត់កម្ពុជា បានធ្វើឲ្យអ្នកទេសចរស្គាល់កម្ពុជា និងបោះឆ្នោតឲ្យជាប់ជាប្រទេស មានប្រជាជនរាក់ទាក់ ជាប់លេខ១ លើពិភពលោកផងដែរ ហេតុនេះសម្តេចធិបតី បានព្រមានថា កម្ពុជានឹងចាត់វិធានការម៉ឺងម៉ាត់បំផុត ចំពោះជនមានចេតនាអាក្រក់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងទៅនេះ មានបញ្ហាការយល់ច្រឡំមួយចំនួន ជាពិសេសប្រជាពលរដ្ឋមួយចំនួននៅចិន មានការព្រួយបារម្ភរឿងសន្តិសុខនៅកម្ពុជា ដោយសារឃើញប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ផ្សព្វផ្សាយអត់គ្រប់ជ្រុងជ្រោយ។ កន្លងទៅ ក៏មានវីដេអូខ្លះចេញមក។ រឿងនេះ ក៏មានរឿងទៀត។ កាលពីថ្ងៃទី១៤ យើងចាប់ ២នាក់ ក្មេងៗតៃវ៉ាន់។ ក្មេងៗតៃវ៉ាន់ ជាងអ្នក TikTok-er ហើយ TikTok នេះគាត់ជ្រើសរើសកម្ពុជា គាត់ថតមួយការចាប់ជម្រិត គាត់ធ្វើគាត់គេចាប់ជម្រិតនៅកម្ពុជា។ គាត់ថតហើយ គាត់ឲ្យប្រពន្ធគាត់នៅតៃវ៉ាន់បង្ហោះ បានការទស្សនារាប់លាន។ ដល់គេចាប់សួរ ហេតុអ្វីបានជាអ្នកឯងធ្វើបែបហ្នឹង គាត់ថា ខ្ញុំយក View សិន បន្តិចទៀត បានមនុស្សច្រើន ខ្ញុំនឹងលក់ផលិតផលខ្ញុំ។ ឥលូវ គាត់មកបំផ្លាញស្រុកយើង គាត់ធ្វើឲ្យមនុស្សរាប់ម៉ឺនរាប់សែននាក់ ដែលមើល TikTok គាត់ថា ខ្មែរអសុវត្ថិភាព ដោយសារគាត់ចង់បាន View លក់ផលិតផលគាត់ តើនេះឬការស្រលាញ់មកប្រជាជនកម្ពុជា»

សម្តេចធិបតី បានបន្តថា «យើងមិនអនុញ្ញាតឲ្យអ្នកហ្នឹង​ ធ្វើអីចឹងទេ។ ឥលូវចាប់ដាក់គុក ២ឆ្នាំ និងផាក ៤លានទៀត។ ម្សិលម្ង៉ៃ មានអ្នកតវ៉ា រកអន្តរាគមន៍ ខ្ញុំថាឲ្យតាមទូរសព្ទ។ អ្នកអន្តរាគមន៍ថា​ ក្មេងៗម្តាយឈឺនៅតៃវ៉ាន់ សុំលែងទៅ ខ្ញុំថា បើម្តាយឈឺគួរតែដាក់វាឲ្យយូរ បើម្តាយឈឺ គួរតែនៅមើលម្តាយ មិនជិះកប៉ាល់ហោះ មកបំផ្លាញស្រុកគេទេ។ ទី២ បើអ្នកឯង បំផ្លាញអ្នកទេសចរនៅស្រុកខ្មែរ ធ្វើឲ្យអ្នកស្រុកអត់ចំណូល។ គាត់មកមានផែនការច្បាស់ មកភ្នំពេញ ទៅកំពង់សោម ហើយទៅសៀមរាប និងទៅឡាវទៀត។ អាត្មានិយម រឿងបែបនេះហើយ ធ្វើឲ្យគេយល់ច្រឡំលើកម្ពុជា ថាជាប្រទេសចាប់ជម្រិត ហើយមិនហ៊ានមក»

សូមជម្រាបថា ជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រតិដ្ឋរឿងអាក្រក់ពីកម្ពុជា ត្រូវបានសាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗពីរឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗ៤លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះ​សីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទា​ទោស​តាមមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំងពីរ មានឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ។

បុគ្គលទាំងពីរនាក់ខាងលើនេះ បានចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងផលិត​វីដេអូ​បំភ្លៃ អំពីសកម្មភាពពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលទាំងពីររូបខាងលើ បានថតសម្តែងផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាព ត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។

ករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោយចាត់វិធានការច្បាប់ហើយនោះ ចិនតៃវ៉ាន់ទាំងពីរនាក់ នឹងត្រូវដេញចេញពីកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា ឆ្នាំផ្លាស់ប្តូរប្រជាពលរដ្ឋកម្ពុជា-ចិន នៅឆ្នាំ២០២៤ នឹងក្លាយជាចំណែកបន្សាបនូវព័ត៌មានខុសពីការណ៍ពិតទាំងឡាយនាពេលកន្លងមក៕