(រតនគិរី)៖ លោក ជា សានិត ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តរតនគិរី បានណែនាំដល់បណ្តាមណ្ឌលសុខភាពបង្ខិតសេវាដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយចំណាយផ្សេងៗសម្រួលបន្ទុកក្នុងគ្រួសារ។ ការចុះផ្តល់សេវានេះនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

លោកគ្រូពេទ្យ សាវឿន ប៊ុនហាក់ បានប្រាប់ថា ក្រុមការងារបានចុះមកផ្តល់វ៉ាក់សាំង និងពិនិត្យសុខភាពពេលនេះមានគ្រូពេទ្យធ្មបម្នាក់ជំនាញខាងពិនិត្យរោគស្ត្រី និងសុខភាពទូទៅ។

លោកបន្តថា វ៉ាក់សាំងផ្តល់ជូនស្ត្រីមានផ្ទៃពោះចំនួន៦នាក់ (ការពារតេតាណូស, ជាតិដែក) ,វ៉ាក់សាំងការពារកុមារមានដូចជា៖ បង្ការជំងឺតេតាណូស, របេង, ថ្លើម, ក្អកមាន់, គ្រុនស្វិតដៃជើង, រលាកស្រោមខួរក្បាលចំនួន១២នាក់, ពិនិត្យសុខភាពចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋក្នុងភូមិកែងសាន់បានមួយចំនួន។

លោកគ្រូពេទ្យ សាវឿន ប៊ុនហាក់ បញ្ជាក់ទៀតថា យុទ្ធនាការនេះចាប់ផ្តើមតាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងភូមិចំនួន៤ គឺភូមិប៉ាទាត់, ភូមិលិ, ភូមិណាខាម, ភូមិណងឡៃ និងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិកែងសាន់ (ឃុំសេដាស្រុកលំផាត់) ដោយបានការគាំទ្រពីអង្គការ Good Neighbors របស់កូរ៉េ។

ដោយឡែកលោក បូឌែង សែង អនុប្រធានភូមិកែងសាន់ដែលបានផ្តល់កន្លែងឲ្យគ្រូពេទ្យផ្តល់វ៉ាក់សាំង និងពិនិត្យសុខភាពប្រាប់ឲ្យដឹងថា ក្នុងភូមិគាត់មានប្រជាពលរដ្ឋចំនួន៣២៣គ្រួសារ ស្មើនឹង១,៤១៩នាក់ (ស្រី៧១០នាក់) ភាគច្រើនជនជាតិទំពួន និងខ្មែរមួយចំនួន។

លោក បូឌែង សែង បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលបានចំណាយពេលពេលវេលាចុះមកដល់តាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីផ្តល់វ៉ាក់សាំង និងពិនិត្យសុខភាព ដែលអាចកាត់បន្ថយការចំណាយផ្សេងៗ ទៅមណ្ឌលសុខភាពផងដែរ៕