(បូស្ន៊ី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធពិភពឥស្លាម បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Denis Zvizdić ប្រធានរដ្ឋសភាបូស្ន៊ី និងហ៊េកហ្ស៊ីហ្គូវីណា។

ជំនួបនេះធ្វើឡើងឆ្លៀត ក្នុងឱកាសលោកបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចូលរួមសន្និសីទអន្តរជាតិ នៃថ្នាក់ដឹកនាំជាសមាជិកសភា និងសាសនា សម្រាប់សុខដុមនីយកម្ម និងសន្តិភាព នៅទីក្រុងសារ៉ាយ៉េវ៉ូ រៀបចំដោយប្រទេសបូស្ន៊ី និងហ៊េកហ្ស៊ីហ្គូវីណា សហការជាមួយអង្គការសម្ព័ន្ធពិភពឥស្លាម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤។

ក្នុងជំនួបនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានជម្រាបជូនលោកប្រធានរដ្ឋសភា អំពីពីស្ថានការណ៍នៅកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយមិនមានការរើសអើងពូជសាសន៍ឡើយ។

លោកបណ្ឌិត បានបន្ថែមថា ក្នុងនោះសហគមន៍ឥស្លាម ក៏ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅ ដោយស្មើមុខស្មើមាត់ក្នុងសង្គម ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនសព្វបែបយ៉ាង។

ជាការឆ្លើយតប លោកប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់អំពីគុណតម្លៃ នៃសុខសន្តិភាពនៅកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា ខណៈកម្ពុជាជាប្រទេសគំរូ មួយសម្រាប់បណ្តាប្រទេសមួយចំនួនដើម្បីសិក្សា និងរៀនសូត្រតាម។ លោកបានកោតសរសើរអំពីសុខដុមនីយកម្មនៅក្នុងកម្ពុជា ហើយប្រទេសរបស់លោកក៏កំពុងសិក្សា និងរៀនសូត្របទពិសោធន៍ ពីកម្ពុជាផងដែរ ទាក់ទងនឹងគោលនរយោបាយ សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា។

លោកបានបន្ថែមថា កម្ពុជាជាប្រទេសមួយដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិន ខណៈបូស្ន៊ី និងហ៊េកហ្ស៊ីហ្គូវីណា ក៏មានទំនាក់ទំនងល្អជាមួយប្រទេសចិនដែរ ហើយជាការគត់សម្គាល់បូស្ន៊ី និងហ៊េកហ្ស៊ីហ្គូវីណា មានកំណើនភ្ញៀវទេសចរច្រើនពីប្រទេសចិនពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារមានកម្មវិធីទេសចរណ៍ជាច្រើនត្រូវបានអភិវឌ្ឍន៍ស្របតាមតម្រូវការរបស់ភ្ញៀវទេសចរចិន។

សូមជម្រាបថា បូស្ន៊ី និងហ៊េកហ្ស៊ីហ្គូវីណា គឺជាប្រទេស ដែលស្ថិតនៅក្នុងឧបទ្វីបបាល់កង់ (BalKan) ភាគខាងលិចនៃទ្វីបអឺរ៉ុប មានផ្ទៃដីសរុប ៥១,០០០ម៉្រែតការ៉េ និងចំនួនប្រជាជនសរុប៣,២០០,៥៧៨ នាក់។ វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលផ្ទៃដីប្រហែល ៥០ ភាគរយ សម្រាប់ចិញ្ចឹមសត្វ ឬដាំដំណាំ។ ដំណាំសំខាន់ៗមួយចំនួនរួមមាន ពោត ស្រូវសាលី កប្បាស និងផ្លែឈើ៕