(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអ្នកច្បាប់បានបើកវគ្គ​បណ្តុះបណ្តាល​ស្តី​ពី «ការរៀបចំគោលនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា» ជូនតំណាងក្រសួង ស្ថាប័ន ថ្នាក់​ដឹក​នាំ ​និងមន្ត្រីរាជការ នៃអង្គភាពចំណុះទីស្តីការ​គណៈរដ្ឋមន្ត្រីទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា សមា​ជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជ​ការ​នៃ​ក្រុម​ប្រឹក្សាអ្នកច្បាប់ និង​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ប្រមាណ ២៥០នាក់។​

នេះជាវគ្គបណ្តុះបណ្តាលទី១ នៅក្នុងអាណត្តិថ្មី ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំ​ឡើង ក្រោមគំនិតផ្តួចផ្តើមរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិត​ភាព​ការ​ងារ​​ឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខ័ណ្ឌទីស្តីការ​គណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័ន​ផ្សេងៗ។

អញ្ជើញបើកវគ្គបណ្តុះបណ្តាលនាព្រឹកមិញនេះ លោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្ម​ពិសេស បានបង្ហាញក្តីរីករាយចំពោះការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ លោក ឆែម គាតរិទ្ធី បានគូសរំលេចថា ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានយកចិត្តទុកដាក់ និងផ្តោតអាទិភាពការងារ​បណ្តុះ​បណ្តាលធនធានមនុស្សតាមរយៈការរៀបចំផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំច្បាស់លាស់ ទាំងការបណ្ដុះ​បណ្ដាលក្នុងប្រទេស និងបញ្ជូនមន្ត្រីទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេសតាមរយៈ​កម្មវិធី​បណ្ដុះ​បណ្ដាល​​រយៈពេលខ្លី ឬអញ្ជើញវាគ្មិនពីក្រៅប្រទេសមកបណ្ដុះបណ្ដាលផ្ទាល់​ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជ ការ ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងឱ្យកាន់តែទូលំទូលាយសំដៅបង្កើនផលិតភាពការងារឱ្យកាន់តែ​ប្រសើរ​ជាងមុន។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួល​បន្ទុក​បេសកកម្មពិសេស ដែលជាវាគ្មិនកិត្តិយសដ៏មានសក្តានុពល ពោរពេញដោយសមត្ថភាព និង​បទពិសោធន៍ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់វគ្គបណ្តុះបណ្តាលនេះ។ លោកទេសរដ្ឋមន្ត្រី បានស្នើថ្នាក់ដឹកនាំនិងទីប្រឹក្សា ដែលមានចំណេះដឹង​ខ្ពង់ខ្ពស់មេត្តាចូលរួមចែករំលែក​នូវ​ចំណេះដឹង និងបទពិសោធន៍ក្នុងវគ្គបណ្តុះបណ្តាល​ដែលនឹងរៀប​ចំឡើង​ដោយទីស្តីការគណៈរដ្ឋមន្ត្រីនាពេលខាងមុខបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ស្នើថ្នាក់ដឹកនាំ និងមន្ត្រីដែលបានចូលរួមក្នុងវគ្គបណ្តុះ​បណ្តាល យកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ចំពោះ​បទឧទ្ទេសនាមរបស់វាគ្មិន​កិត្តិយស និងត្រូវហ៊ានសួរដេញដោលឱ្យបានផុលផុសបំផុត ដើម្បីក្រេបយកចំណេះដឹងឱ្យច្រើន ឬចូលរួមផ្តល់យោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងលើកយកបញ្ហាប្រឈមក្នុងការងារកន្លងមកដែលខ្លួនជួបប្រទះដើម្បីពិភាក្សារកដំណោះស្រាយ៕