(កំពង់ចាម)៖ អភិបាលរងខេត្តកំពង់ចាមលោក ហាន កុសល បានក្រើនរំលឹកដល់និស្សិតឱ្យខិតខំអភិវឌ្ឍន៍សមត្ថភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត បានក្រើនរំលឹកដល់និស្សិតយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត ដែលចូលរួមបរិច្ចាគឈាម នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម។

លោកអភិបាលរងខេត្ត បានបន្តថា ធនធានមនុស្សគឺជាគោលដៅអទិភាពទី១ ក្នុងចំណោមគោលដៅអទិភាពចំនួន៥ របស់រាជរដ្ឋាភិបាលមាន មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ដូច្នេះនិស្សិតទាំងអស់ តើត្រូវធ្វើយ៉ាងម៉េច ដើម្បីកែប្រែខ្លួនឯងឲ្យក្លាយទៅជាមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យកាន់តែរីកចម្រើនទៅអនាគត។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា មូលធនមនុស្ស គឺប្រើចំណេះ និងជំនាញ ប្រើបញ្ញា ដើម្បីទទួលយកវឌ្ឍនភាព គុណតម្លៃសម្រាប់ប្រទេសជាតិរបស់យើងនៅពេលអនាគតនេះ។

រាជរដ្ឋាភិបាល បានកំណត់នូវចក្ខុវិស័យសម្រាប់ឆ្នាំ២០៣០ ប្រែក្លាយប្រទេសកម្ពុជា ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដែលមានន័យថា ប្រជាពលរដ្ឋម្នាក់ៗ និងទទួលបានប្រាក់ចំណូលក្នុងមួយឆ្នាំចន្លោះពី ៤,០០០ដុល្លារ រហូតដល់ទៅ ១៣,០០០ដុល្លារ ហើយមានមហិច្ឆតាក្នុងការប្រែក្លាយប្រទេសរបស់ខ្លួនទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដែលមានន័យថាមនុស្សម្នាក់ៗ ត្រូវមានប្រាក់ចំណូលប្រចាំឆ្នាំ ប្រមាណជារង្វង់១៣,០០០ដុល្លារឡើងផងដែរ។

ដូច្នេះតើប្អូនៗនិស្សិត ត្រូវត្រៀមអ្វីខ្លះដើម្បីចូលរួមចំណែក ឈានទៅដល់សម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ពីព្រោះការសម្រេចបានចក្ខុវិស័យរបស់កម្ពុជា គឺជាការសម្រេចនូវវឌ្ឍនភាព សម្រាប់ជីវភាព ហើយនិងការរស់នៅរបស់យើងទាំងអស់គ្នា៕