(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំឱ្យមានការដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ នៅមុខបរិវេណក្រសួង។

នេះជាឆ្នាំទី២ហើយ ដែលក្រសួងរៀបចំកម្មវិធីនេះឡើង ដោយមានស្តង់ចូលរួមចំនួន ២១ស្តង់។ ចំនួននេះកើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម។

គោលដៅនៃការដាក់តាំងលក់នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋទិញបន្លែសុវត្ថិភាព ជូនចំពោះមនុស្សជាទីស្រឡាញ់។

ការផ្តល់ជូនបាច់បន្លែ ឬកន្ត្រកបន្លែសុវត្ថិភាពជំនួសបាច់ផ្កា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទិញជូនដល់អ្នកទទួលប៉ុណ្ណោះទេ តែវាក៏បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករ ដែលខិតខំប្រឹងប្រែងដាំដុះបន្លែ កសិដ្ឋានចិញ្ចឹមសត្វ ព្រមទាំងសហគ្រាសកែច្នៃផលិតផលកសិកម្មឱ្យមានគុណភាព និងសុវត្ថិភាព សម្រាប់បម្រើដល់តម្រូវការប្រជាពលរដ្ឋទូទៅ ពិសេសធានាបាននូវសុវត្ថិភាព និងសុខុមាលភាពអ្នកបរិភោគ។

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ទាំងមន្ត្រី កសិករ អ្នកផលិត និងកែច្នៃ ចង់ឱ្យពលរដ្ឋ និងយុវវ័យទិញបាច់បន្លែ និងផលិតផលកសិកម្មកែច្នែ ជំនួសឱ្យការទិញការផ្កា ជូនមនុស្សជាទីស្រលាញ់៕