(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រើប្រាស់ទូរស័ព្ទចល័ត បានបង្ហាញអារម្មណ៍ធុញទ្រាន់ជាមួយក្រុមហ៊ុនទូរស័ព្ទ ដែលតែងតែផ្ញើសារផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យចូលលេងល្បែងអនឡាញ។

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនល្បែងអនឡាញមានឈ្មោះថា «5T5T» ត្រូវបានផ្ញើសារចូលទៅកាន់​ទូរស័ព្ទ​ចល័តរបស់ប្រជាពលរដ្ឋស្ទើរតែគ្រប់ប្រព័ន្ធ បង្ហាញពីកម្មវិធីពិសេសរបស់ក្រុមហ៊ុន ជាការលើក​ទឹក​ចិត្តឱ្យទៅកាន់វេបសាយបង្កើតគណនេយ្យលេងល្បែង។

សារនេះត្រូវបានផ្ញើទៅកាន់ទូរស័ព្ទរៀងរាល់ថ្ងៃចុងសប្តាហ៍។ ប្រជាពលរដ្ឋបានសម្តែងការធុញទ្រាន់នឹងសារ​ទាំង​អស់នេះ ហើយពួកគេបានលើកឡើងថា ការធ្វើបែបនេះជាការរំលោភលើសិទ្ធិនៃការប្រើប្រាស់របស់ពួក​គេ​ផងដែរ។

និស្សិតឈ្មោះ វណ្ណ ពន្លឹង បានថ្លែងជាមួយអារម្មណ៍ខាងសម្បាថា «ខ្ញុំមិនខឹងទេ បើជាការសារជាដំណឹង​ដែល​មានប្រយោជន៍ ជាដំណឹងចាំបាច់។ ប៉ុន្តែនេះជាសារលេងល្បែងសោះ ក៏ផ្ញើមកឱ្យគ្រប់តែប្រព័ន្ធ ពេលខ្លះមានអារម្មណ៍ធុញទ្រាន់ណាស់»

និស្សិតរូបនេះ បានចាត់ទុកទង្វើរបស់ក្រុមហ៊ុនទូរស័ព្ទជាការរំលោភលើសិទ្ធិប្រើប្រាស់របស់ខ្លួន ព្រោះថាខ្លួនបានបង់ថ្លៃសេវាប្រើប្រាស់រាល់ខែ បែរជាក្រុមហ៊ុនឆ្លៀតធ្វើអាជីវកម្មបន្ថែម ដោយមិនគិតថាតើម្ចាស់លេខទូរស័ព្ទនោះ គេត្រូវការ ឬអត់លើសារដែលផ្ញើទៅនោះ?

វណ្ណ ពន្លឹង បានសម្តែងការសាទរចំពោះចំណាត់ការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា ដែលហាមមិនឱ្យពង្រាយបន្ថែមទីតាំងលេងល្បែងផ្សងសំណាង។ ចំណាត់ការនេះ នឹងធ្វើរួមចំណែកដល់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងលុបបំបាត់ចោរកម្មក្នុងសង្គម។

វណ្ណ ពន្លឹង ក៏រំពឹងផងដែរថា ក្រោយមានសារសំឡេងរបស់សម្តេចធិបតីហើយនោះ ក្រុមហ៊ុនទូរស័ព្ទនឹងមិនបំពានសិទ្ធិអ្នកប្រើប្រាស់ ហើយផ្ញើសារលើកទឹកចិត្តឱ្យលេងល្បែងទៀតនោះទេ៕