(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៤ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិជូនលោក​អនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជាវរសេនីយ៍ត្រី ដែលត្រូវបានតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ជំនួសលោក​វរសេនីយ៍ទោ យ៉ាន់​ សុវណ្ណ​ ដែលត្រូវបានទទួលភារកិច្ចថ្មី ជាប្រធានមន្ទីរភស្ភុភា​រ នៃបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក​ ស្រេង​ សុផ​ល​ អភិបាលក្រុងសិរីសោភ័ណ និងលោក​ ជាម​ សុខ​ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ព្រមទាំងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្ត និងអាជ្ញាធរមូលដ្ឋាន​ កងកម្លាំងប្រដាប់អាវុធ។

បន្ទាប់ពីទទួលសេចក្ដីសម្រេច​ និងលិខិតតែងតាំងផ្ទេរភារកិច្ចរួច, លោក​វរសេនីយ៍ត្រី​ សុខ​ ឡេង​ ក៏បានប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ​គោរព និងអនុវត្តឱ្យបាននូវបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាខិតខំបំពេញតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួនជាកងរាជអាវុធហត្ថឱ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើប្រគល់ជូន,​ ប្តេជ្ញា​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់​,​ ពង្រឹង និងរឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាព​​​​​ផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុតក្នុងការរួមចំណែកកសាងអង្គភាពឱ្យបានរឹងមាំបន្ថែមទៀត។

ក្នុងឱកាសនោះ​ដែរលោកឧត្តមសេនីយត្រី បោន ប៊ិន បានផ្ដាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់កនាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ដោយក្តីនឹករលឹក។

​លោកឧត្តមសេនីយ៍ត្រី​ បានដាក់ចេញបទបញ្ជា​ដល់គ្រប់មូលដ្ឋានកងរាជអាវុធហត្ថទាំង៩​ក្រុង-ស្រុក​ បន្តចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ​ឱ្យបានល្អ​ និងស្រាវជ្រាវ បង្ក្រាបរាល់បទបទល្មើស ដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយសង្គ្រោះដល់ប្រជាពលរដ្ឋនូវក្នុងឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា។

លោក​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ បានសង្កត់ធ្ងន់ៗដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ទាំងអស់ ត្រូវតែគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អផងដែរ៕