(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំមណ្ឌលសុខភាពទាំងអស់ ដែលត្រៀមដឹកអ្នកជំងឺសង្រ្គោះបន្ទាន់ផ្សេងៗ ត្រូវមានប្រេងគ្រប់គ្រាន់ មានសម្ភារសង្គ្រោះ និងឱសថឱ្យបានរួចជាស្រេចនៅលើរថយន្ត ដើម្បីសង្រ្គោះអ្នកជំងឺឱ្យទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងយ៉ាងដូចនេះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកចុះពិនិត្យមើលវឌ្ឍនភាព នៃការផ្តល់សេវាសុខាភិបាល និងស្វែងយល់ពីការប្រឈមរបស់មន្ត្រីសុខាភិបាល ដែលកំពុងផ្តល់សេវានៅមណ្ឌលសុខភាពឆែប និងប៉ុស្តិ៍សុខភាពគុណភាព ស្ថិតក្នុងស្រុកឆែប ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត យុន សោភ័ណតារា ប្រធានការិយាល័យស្រុកប្រតិបត្តិត្បែងមានជ័យ និងលោក ជាង ចាន់ណា អនុប្រធានការិយាល័យស្រុកប្រតិបត្តិត្បែងមានជ័យ។

នៅក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងផ្ដល់អនុសាស្រ្តមួយចំនួនសម្រាប់ប៉ុស្តិ៍សុខភាពគុណភាព យកទៅអនុវត្តដូចជា៖ ត្រូវដាក់លេខទូរសព្ទរបស់មន្រ្តីនៅនឹងជញ្ជាំងប៉ុស្តិ៍សុខភាព សម្រាប់ប្រជាជនធ្វើការ ទំនាក់ទំនងគ្រប់ពេលវេលា, ត្រូវស្វាគមន៍អ្នកជំងឺដោយជម្រាបសួរពូកគាត់ដោយរួសរាយរាក់ទាក់, ត្រូវមានឥរិយាបទ និងពាក្យសំដីសមរម្យជាមួយអ្នកជំងឺ, ត្រូវមានវត្តមានជាប្រចាំក្នុងម៉ោងធ្វើការ។

ជាមួយគ្នានេះ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំឱ្យពង្រឹងការផ្ដល់សេវាតាមរយៈ ការកែលម្អនូវឥរិយាបទ និងពាក្យសំដីដែលមិនសមរម្យទៅកាន់អ្នកជំងឺ, វត្តមានបុគ្គលិកក្នុងមណ្ឌលសុខភាព២៤/២៤ម៉ោង, សំលៀកបំពាក់ស្អាតសមរម្យ, ត្រូវប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវ មន្រ្តីទាំងអស់ត្រូវមើលសៀវភៅគោលការណ៏ណែនាំស្តីពីសុំណុំសកម្មភាពអប្បរិមា (MPA guideline)។

លោកបានថ្លែងទៀតថា ដើម្បីចៀសវាងការខ្ចះខ្ជាយឱសថ និងខ្វះខាតឱសថ ជាពិសេសការប្រើមិនត្រឹមត្រូវនាំឲ្យការព្យាបាលជំងឺមានភាពផ្សាំឱសថ (drug resistance) រថយន្តគិលានសង្រ្គោះត្រូវមានប្រេងឥន្ធនៈគ្រប់គ្រាន់, បុគ្គលិក និងអ្នកបើកបរត្រូវតែមានវត្តមានជានិច្ចនៅពេលត្រូវចេញរថយន្តដឹកអ្នកជំងឺ និងសម្ភារសង្រ្គោះ និងឱសថត្រូមានវគ្រប់គ្រាន់សម្រាប់រថយន្តសង្រ្គោះ៕