(កំពង់ចាម)៖ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Choi Moonjung នាយិកា ការិយាល័យកយកា-KOICA ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់កុំព្យូទ័រ ICT ចំនួន ៤៨បន្ទប់ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ មានទីតាំងស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់សិស្សមធ្យមសិក្សាបឋមភូមិចំនួន ២៩,០០០នាក់សិក្សា និងគរុសិស្សចំនួន ៣០០នាក់។

លោកស្រី នាយិកានៃការិយាល័យ KOICA ប្រចាំនៅកម្ពុជា បានថ្លែងថា៖ «រដ្ឋាភិបាលកូរ៉េ គាំទ្រយុទ្ធសាស្ត្របញ្ចកោណ និងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំរបស់កម្ពុជា។ ICT នឹងអាចផ្តល់ឱ្យលើសពីអ្វីដែលការអប់រំ បែបប្រពៃណីបានផ្តល់ឱ្យហើយនោះជាអ្វីដែលសតវត្សរ៍ទី២១នេះ កំពុងត្រូវការ គឺដើម្បីធ្វើឱ្យលើសពីដែនកំណត់ និងធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដ»។

លោកស្រីបានបន្តថា ក្នុងកិច្ចពិធីសម្ពោធនេះក្រសួងក៏បានដាក់បង្ហាញសៀវភៅសិក្សាថ្មីចំនួន៩ក្បាល សម្រាប់គរុសិស្ស ដែលនេះជាលើកទី១ហើយ ដែលមានសៀវភៅសិក្សាផ្នែក ICT សម្រាប់គរុសិស្សមធ្យមសិក្សាបឋមភូមិ។ សៀវភៅសិក្សាទាំង ៩ក្បាលនេះត្រូវបានបង្កើតឡើងស្របតាមកម្មវិធីសិក្សា ICT ដែលក្រសួងអប់រំ យុវជន និងកីឡា និង KOICA បានរួមគ្នាបង្កើត។ គរុសិស្សនឹងទទួលបាននូវចំណេះដឹងមូលដ្ឋាន ដូចជាការណែនាំអំពីកុំព្យូទ័រ មូលដ្ឋានគ្រឹះចំណេះដឹងឌីជីថល និងចំណេះដឹងវិជ្ជាជីវៈផ្សេងៗទៀត។

លោក ណាត ប៊ុនរឿន បានលើកឡើងថា៖ «ធនធានមនុស្សជំនាន់ក្រោយរបស់យើងគួរតែត្រៀមខ្លួនឱ្យហើយ ដើម្បីសម្រេចបាននូវចក្ខុវិស័យសម្រាប់ឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០នេះ ការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយឱ្យមានជំនាញក្នុងវិស័យ ICT គឺជារឿងចាំបាច់»

ដោយកត់សម្គាល់ពីអំណាចនៃការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយឱ្យបានស្ទាត់ជំនាញ លើផ្នែកបច្ចេកវិទ្យាឌីជីថល។

បន្ទប់កុំព្យូទ័រ ICT ទាំង៤៨នេះ ត្រូវបានបង្កើតឡើងក្នុងផ្នែកមួយនៃគម្រោងរួមគ្នារបស់ក្រសួងអប់រំ យុវជន និងកីឡា និងកយកា-KOICA ស្តីពីការកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន នៃការអប់រំមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ឆ្នាំ២០២១-២០២៦៕