(ភ្នំពេញ)៖ ក្រុមប្រឹក្សាអ្នកច្បាប់ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាល C អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំគោល នយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា» ក្រោមអធិបតីភាព លោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស តំណាងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

វគ្គបណ្តុះបណ្តាលនេះដែរ ធ្វើបទបង្ហាញដោយលោកបណ្ឌិត​សភាចារ្យ សុក ស៉ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃ​ក្រុម​ប្រឹក្សាអ្នកច្បាប់និង​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានចំនួនប្រមាណ ២៥០នាក់។​

គួរបញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលទី១ នៅក្នុងអាណត្តិថ្មី ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមលោក វង្សី វិស្សុត ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខណ្ឌ ទីស្តីការ​គណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ៕

http://image.freshnewsasia.com/2021/id-155/fn-2024-02-14-13-54-33-0.JPG http://image.freshnewsasia.com/2021/id-155/fn-2024-02-14-13-54-35-0.JPG