(ភ្នំពេញ)៖ ឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ត្រី និងជានាយកខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតថ្លែងអំណគុណ គោរពជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងឥស្សរជនពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមរំលែកទុក្ខ មរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។

លិខិតរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ហូ សិទ្ធី បានលើកឡើងថា «ក្នុងនាមក្រុមគ្រួសាររបស់យើងខ្ញុំទាំងមូល យើងខ្ញុំសូមលំឱនកាយលើកដៃប្រណម ថ្លែងអំណរគុណ យ៉ាងជ្រាយោជ្រៅបំផុត ចំពោះសន្តានចិត្តរបស់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងឥស្សរជនពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ដែលត្រូវជាម្តាយ ជីដូន និងជីទួត របស់យើងខ្ញុំ។

សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា បានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីភ្លៀងឃ្លាតឡើយ»។​

សូមជម្រាបថាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន ត្រូវជាម្តាយរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលមរណភាពនៅថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦៖០០នាទីព្រឹក ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ ៕