(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងបញ្ជាក់នៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ (ថ្ងៃទី១៤ កុម្ភៈ) ឆ្នាំ២០២៤នេះថា លោកសូមធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ ឬថ្ងៃទិវានៃក្ដីស្រឡាញ់ ប្រព្រឹត្តិទង្វើឲ្យប្រាសចាកពីប្រពៃណីខ្មែរ ហើយត្រូវបង្វែការស្រឡាញ់ចំពោះឪពុកម្ដាយ និងគ្រួសារ ទើបជាការប្រសើរ។ នៅពេលពិភពលោក ប្រារព្ធទិវានៃក្តីស្រឡាញ់ចំពោះគូស្នេហ៍ ក៏ប៉ុន្តែនៅកម្ពុជា យើងប្រារព្ធទិវានេះ ដើម្បីបង្ហាញក្តីស្រឡាញ់ដល់ឪពុកម្តាយ គ្រូបាធ្យាយ ប្រពន្ធ កូន មិត្តភក្តិ ថ្នាក់ដឹកនាំប្រទេសជាតិជាដើម។

ការថ្លែងរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយអប់រំ ផ្តល់សាររំឭកអំពីការបង្ការការចម្លងមេរោគអេដស៍ ដែលជាសារដាស់តឿនក្រើនរំឭក ដល់សាធារណជនទូទៅ ពិសេសក្រុមប្រជាពលរដ្ឋប្រឈមមុខ នឹងការឆ្លងមេរោគអេដស៍ជាងគេ ក៏ដូចជាយុវវ័យកុំឲ្យភ្លេចខ្លួន បាត់បង់ការទទួលខុសត្រូវ ភាពម្ចាស់ការ និងជួយខ្លួនឯងកុំឲ្យឆ្លងមេរោគអេដស៍ នៅក្នុងទិវាអន្តរជាតិនៃក្ដីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៤ នៅទីធ្លាខាងមុខអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផ្ទាល់តែម្ដង។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងថា យុវវ័យ យុវនារីមួយចំនួន តែងតែយល់ច្រឡំថា ថ្ងៃទី១៤កុម្ភៈ ឬថ្ងៃទីវានៃក្ដីស្រឡាញ់ គឺជាថ្ងៃប្រគល់ខ្លួន ប្រគល់ប្រាណជូនសង្សារ ឬមនុស្សដែលខ្លួនស្រឡាញ់ ទាំងមិនទាន់រៀបការ ដែលជាការប្រាសចាកពីប្រពៃណីខ្មែរ និងអាចនាំឲ្យមានការឆ្លងរាលដាលនូវមេរោគអេដស៍ និងជំងឺអេដស៍។ ដូច្នេះជាទម្លាប់អាជ្ញាធជាតិប្រយុទ្ធនឹងជំងឺអេដស៍ តែងតែបើកនូវយុទ្ធនាការផ្សព្វផ្សាយ ការការពារខ្លួនពីជំងឺអេដស៍ និងបង្វែទិវានៃក្ដីស្រឡាញ់នេះ មកជាសេចក្ដីស្រឡាញ់ចំពោះឪពុកម្ដាយ បងប្អូន មិត្តភក្តិ ឬគ្រូបាអាចារ្យជាដើមវិញ។ ចំណុចមួយទៀត ប្រជាជនកម្ពុជាយើងតែងយល់ថា នៅកម្ពុជាអស់ជំងឺអេដស៍ហើយ រហូតដល់មានអ្នកមួយចំនួនភ្លេចខ្លួន និងមិនបានការពារខ្លួន ធ្វើឲ្យអត្រានៃអ្នកឆ្លងជំងឺអេដស៍នៅតែខ្ពស់ ខណៈតាមរយៈតួលេខចុងក្រោយមានចំនួន ៧៦,០០០នាក់នៅទូទាំងប្រទេស ហើយមានអត្រាឆ្លង៤នាក់ក្នុង១ថ្ងៃ ដែលជាអត្រាខ្ពស់ ហើយអាជ្ញាធរអេដស៍មិនចង់ឃើញនោះទេ ដោយគោលដៅរបស់យើង គឺក្រោម១នាក់ក្នុង១ថ្ងៃ នោះទើបយើងទទួលបានជោគជ័យ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះបន្តថា នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការវិភាគអ្នកឆ្លងថ្មីមានតិចតួច ប៉ុន្តែអ្វីដែលជាការប្រឈម គឺក្រុមបុរសរួមភេទជាមួយបុរស ដែលអត្រាឆ្លងមានការកើនឡើងរហូតដល់ទៅ ៣៥%។ ក្រុមស្ត្រីរកស៊ីផ្លូវភេទ ពួកគេមានការការពារខ្លួនបានត្រឹមត្រូវ ប៉ុន្តែក្រុមបុរសរួមភេទជាមួយបុរស គឺមិនបានការពារខ្លួន ពីជំងឺអេដស៍នោះទេ ដែលជាការប្រឈមនឹងអត្រាឆ្លងខ្ពស់ គួរឲ្យព្រួយបារម្ភ។ អ្វីដែលយើងចង់បាន គឺអ្នកស្រឡាញ់ភេទដូចគ្នា រួចផុតពីការឆ្លងជំងឺអេដស៍ ព្រោះថាអត្រាចម្លងមេរោគអេដស៍ ក្នុងក្រុមបុរសរួមភេទជាមួយបុរស មានអត្រាកើនឡើងជាបន្តបន្ទាប់ និងអត្រាខ្ពស់ គឺមានរហូត៤% បើធៀបទៅនឹងការឆ្លងក្នុងចំណោមប្រជាជនទូទៅ ដែលមានត្រឹមតែ០.៦% តែប៉ុណ្ណោះ។

យុទ្ធនាការផ្សព្វផ្សាយក្នុងទិវានៃក្ដីស្រឡាញ់នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏ចង់សម្ដែងសេចក្តីស្រឡាញ់ ដល់អ្នកផ្ទុកមេរោគអេសដ៍ និងសូមអំពាវនាវ កុំឲ្យមានការរើសអើង និងទទួលយកអ្នកផ្ទុកមេរោគអេដស៍ថា ជាមនុស្សដូចគ្នា ជាបងប្អូនជនរួមជាតិដូចគ្នា។ ជាមួយគ្នានេះ យើងក៏យកឱកាសនេះ ដើម្បីបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការរើសអើង ដល់អ្នកស្រឡាញ់ភេទដូចគ្នាឡើយ។ យើងស្រឡាញ់រាប់អានអ្នកស្រឡាញ់ភេទដូចគ្នា គ្រប់ៗគ្នាទាំងអស់។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានអញ្ជើញទស្សនានៅតាមបណ្តាស្តង់តាំងពិព័រណ៌ដែលមានដូចជា ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមស្រីស្អាត ជាមួយនឹងការទស្សនាការសម្ដែងរបស់ក្រុមភេទទី៣ផងដែរ។ នៅចំពោះមុខក្រុមបុរសរួមភេទជាមួយបុរស (MSM) លោកទេសរដ្ឋមន្រ្តី បានថ្លែងលើកទឹកចិត្តឲ្យពួកគេទាំងនោះ ខិតខំបន្តយកចិត្តទុកដាក់ ផ្តល់សារឲ្យកាន់តែទូលំទូលាយ ដល់ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមបំប្លែងភេទ (TG)។ លោកបានលើកទឹកចិត្តឲ្យក្រុមបុរសរួមភេទជាមួយបុរស បង្កើនការបង្ការកុំឲ្យមានការឆ្លងឲ្យបានខ្លាំងបំផុត ដោយប្រើស្រោមអនាម័យ ឬលេបថ្នាំមុនរួមភេទ (PreP) ជាដើម។ សូមកុំភេ្លចថា បុរសរួមភេទជាមួយបុរសដូចគ្នា ក៏ឆ្លងមេរោគអេដស៍ដែរ ប្រសិនបើគ្មានការការពារ។

នៅក្នុងឱកាសនោះ ក៏មានការចែកជូនអាវយឺត ខិត្តប័ណ្ណអប់រំផ្សព្វផ្យាយពីមេរោគអេដស៍ និងជំងឺអេដស៍ ផ្តល់សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ និងចែកស្រោមអនាម័យជូនដោយឥតគិតថ្លៃ។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីសំណាក់មន្ត្រីនៃកងយោធពលខេមរភូមិន្ទ និងមានការសហការជាមួយអង្គការដៃគូជាច្រើនរួមមាន អង្គការ PSI, AHF, KHANA និង FHI360 ជាដើម៕