(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើកត្តាសំខាន់៤ ៖ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់ ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ទី៣. ត្រូវមានការចូលរួមដោយភាពស្មោះត្រង់ និងទី៤. ត្រូវមានការលះបង់។

ការថ្លែងបែបនេះក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចធិបតីបានលើកឡើងពាក់ព័ន្ធទៅនឹងភាពចាំបាច់ក្នុងការបន្តជ្រោងឱ្យកាន់តែខ្ពស់នូវ «ស្មារតីកែទម្រង់»។ រយៈពេល២០ឆ្នាំកន្លងមកនេះ កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សម្ដេចបានបន្តថា សមិទ្ធផលទាំងឡាយនៃការកែទម្រង់នេះ មិនមែនទទួលបានមកដោយងាយស្រួលនោះទេ។ ជាសត្យានុម័ត ទាំងក្នុងអតីតកាល ទាំងក្នុងបច្ចុប្បន្នកាល និងតទៅអនាគតកាល គ្មានកិច្ចការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ ហើយក៏មិនមានសមិទ្ធផលណាមួយនៃកិច្ចការកែទម្រង់ ដែលអាចសម្រេចបានមក ដោយគ្មានការបង់ថ្លៃនោះដែរ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា «កិច្ចការកែទម្រង់ដែលជោគជ័យត្រូវតែផ្អែកលើកត្តាសំខាន់៤៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់ ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ទី៣. ត្រូវមានការចូលរួមដោយភាពស្មោះត្រង់ និងទី៤. តូ្រូវមានការលះបង់»

លើមូលដ្ឋាននេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងាររបស់ខ្លួន ដែលជាស្មារតីបុរេសកម្ម ភ្ញាក់រលឹក និងម៉ឺងម៉ាត់ក្នុងការកែទម្រង់មុតស្រួច ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕