(កំពង់ធំ)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្ដិភាព បានគូសបញ្ជាក់ដល់យុវជនគ្រប់ៗគ្នា ដោយកុំមានការយល់ច្រឡំ យកថ្ងៃ នៃក្ដីស្រឡាញ់ ធ្វើជាឱកាស ក្នុងការទំនាក់ទំនង ស្នេហា ឬ ប្រព្រឹត្ត ប្រាសចាកសីលធម៌ និងប្រពៃណីក្នុងសង្គមឱ្យសោះ។

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ដើម្បីលើកទឹកចិត្តដល់យុវជន ក្នុងគោលដៅជំរុញ តម្រង់ទិស ដល់សិស្សានុសិស្ស ដែលត្រៀមនឹងបញ្ចប់ថ្នាក់ទី១២ ក្នុងនោះដែលមានសិស្សទាំងបីកម្រិត មានថ្នាក់ទី១០ ថ្នាក់ទី១១ ថ្នាក់ទី១២ សរុបប្រមាណ ១,៧០០នាក់ នៅថ្ងៃទី១៣ ខែកុម្ភៈម្សិលមិញ។

លោក ខាន់ ខុន បានបញ្ជាក់បន្តយ៉ាងដូច្នេះថា «ត្រូវយក ឱកាសទិវានៃសេចក្ដីស្រឡាញ់នេះ ទៅបង្ហាញចំពោះ យាយ តា ចាស់ទុំនានា មាតាបិតា លោកគ្រូ អ្នកគ្រូ ឬក្នុងក្រុមគ្រួសារ ដើម្បីបញ្ជាក់ ពីទង្វើរបស់ពួកគាត់ដែលបានមើលថែរក្សាយើងកន្លងមក»។

បើតាមលោក ខាន់ ខុន ធ្វើបែបនេះទើបស្របទៅ នឹងព្រះបន្ទូលព្រះយេស៊ូគ្រីស្ទ ដោយមានព្រះបន្ទូលថា ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ មាតា បិតាខ្លួន ក្នុងព្រះអម្ចាស់ដ្បិត ធ្វើដូច្នោះទើបបានត្រូវ ជាពិសេសយុវជន ក៏គួរតែអនុវត្ត ជារៀងរាល់ថ្ងៃកាន់តែប្រសើរ កុំចាំតែថ្ងៃ ទិវានៃសេចក្ដីស្រឡាញ់។

នៅក្នុងពិធីនោះ លោកបានសង្កត់ធ្ងន់ ឲ្យសិស្សានុសិស្ស ខិតខំ ធ្វើយ៉ាងណាប្រឹងប្រែសិក្សារៀនសូត្រ ហើយត្រូវកើនរំលឹកខ្លួនឯងជាប្រចាំថា ខ្លួនជាមនុស្ស អាចធ្វើបាន បើទោះបីជា គ្រួសារខ្វះលទ្ធភាពក្នុងការឲ្យយើងបន្តការសិក្សា ឬកត្តាជីវភាពក្នុងការរស់នៅប្រចាំថ្ងៃក្ដី កត្តារបស់ឪពុកម្ដាយក៏ដោយ ធ្វើយ៉ាងណាព្យាយាមជួយខ្លួនឯង ដោយខិតខំប្រឹងប្រែង រៀនសូត្រនិងបន្តការសិក្សា ដល់ចប់ថ្នាក់ទី១២ នឹងឈានទៅបន្តនៅសាកលវិទ្យាល័យ យ៉ាងហោចណាស់។ លោកបន្តថា ការធ្វើបែបនេះទើបយើងអាចជួយ ខ្លួនឯង គ្រួសារ និងសង្គមជាតិ ឲ្យរួចផុតពីភាពក្រីក្រ ទាំងចំណេះដឹង និងទ្រព្យសម្បត្តិ។

លោក ខាន់ ខុន បានឲ្យដឹងថា សិស្សទាំងអស់ មកពី ២វិទ្យាល័យ រួមមាន៖

* វិទ្យាល័យ ទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន ១០០០នាក់ជាង។
* វិទ្យាល័យកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន ៧០០នាក់ជាង៕