(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា បើយោងតាមព្រះរាជក្រឹត្យ ស្ដីពីក្របខណ្ឌគោរមងារ នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិឧទ្ទេសបណ្ឌិត» ជាគោរមងារកិត្តិយសដ៏ឧត្តុង្គឧត្តម នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបន្តថា បុគ្គលដែលអាចទទួល គោរមងារនេះ គឺជាវរជនខ្មែរដែលមានស្នាដៃ និងចំណេះដឹងខ្ពង់ខ្ពស់ ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ សិក្សាធិការ និងសង្គម-វប្បធម៌។

ជាមួយគ្នានេះ លោក ហេង វីរិទ្ទិ ប្រធានលេខាធិការដ្ឋាន ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន មានសម្តេចព្រះសង្ឃ និងបុគ្គលឆ្នើម ៧អង្គ/នាក់ ត្រូវបានព្រះមហាក្សត្រ ប្រទានគោមរងារ «កិត្តិឧទ្ទេសបណ្ឌិត» ខណៈនាយឧត្តមសេនីយ៍ ប៉ុល សារឿន ទទួលបាននៅពេលនេះ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ជាអតីតអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបច្ចុប្បន្នលោកត្រូវបានតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ដ្រី។

ទន្ទឹមនេះ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន ទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងដែរថា «កិត្តិឧទ្ទេសបណ្ឌិត» មកពីពាក្យ កិត្តិ មានន័យថា កិត្តិយស ឬប្រសើរ, ឧទ្ទេស មានន័យថា អ្នកពូកែពន្យល់ ឬអ្នកពូកែបង្រៀន ហើយចំណែកឯបណ្ឌិត មានន័យថា​ អ្នកប្រាជ្ញ ឬអ្នកមានចំណេះដឹង។ ហេតុដូច្នេះ «កិត្តិឧទ្ទេសបណ្ឌិត» មានន័យថា អ្នកប្រាជ្ញដែលពូកែពន្យល់ប្រកបដោយកិត្តិយស។

សូមជម្រាបថា ​គោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា ចែកចេញជា២ រួមមាន៖

* ទី១៖ គោរមងារវិទ្យាសាស្ត្រ រួមមាន អគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ, អគ្គបណ្ឌិតសភាចារ្យ និងបណ្ឌិតសភាចារ្យ។
* ទី២៖ គោរមងារកិក្តិយស រួមមាន៖ កិត្តិព្រឹទ្ធបណ្ឌិត, កិត្តិបរិរក្សបណ្ឌិត, កិត្តិសេដ្ឋាបណ្ឌិត, កិត្តិសង្គហបណ្ឌិត, កិតិ្តនីតិកោសលបណ្ឌិត, កិត្តិឧទ្ទេសបណ្ឌិត និងកិត្តិបណ្ឌិត៕