(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និងម៉ឹងម៉ាត់ក្នុងការកែទម្រង់មុតស្រួច, ស៉ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចចុងក្រោយ ដែលខ្ញុំចង់លើក គឺពាក់ព័ន្ធភាពចាំបាច់ នៅក្នុងការបន្តជ្រោងឲ្យកាន់តែខ្ពស់នូវស្មារតីកែទម្រង់។ រយៈពេល ២០ឆ្នាំកន្លងមកនេះ, កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាការពិតសមិទ្ធផលទាំងឡាយនៃការកែទម្រង់នេះ មិនមែនទទួលបានមកដោយងាយស្រួលនោះទេ។ ជាសត្យានុម័ត, ទាំងក្នុងអតីតកាល, ទាំងក្នុងបច្ចុប្បន្នកាល, និង តទៅអនាគតកាល, គ្មានកិច្ចការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ, ហើយក៏មិនមានសមិទ្ធផលណាមួយនៃកិច្ច ការកែទម្រង់ ដែលអាចសម្រេចបានមក ដោយគ្មានការបង់ថ្លៃនោះដែរ»

ក្នុងវេទិកាមួយចំនួនកន្លងទៅ សម្តេចធិបតី ធ្លាប់បានលើកឡើងថា កិច្ចការកែទម្រង់ដោយជោគជ័យ ដោយផ្អែកលើកត្តាសំខាន់៤ រួមមាន៖

* ១៖ ត្រូវមានចក្ខុវិស័យច្បាស់លាស់
* ២៖ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់
* ៣៖ ត្រូវមានការចូលរួមដោយស្មោះត្រង់
* ៤៖ ត្រូវមានការលះបង់។

សម្តេចបន្តថា «លើមូលដ្ឋាននេះ ខ្ញុំសូមគូសបញ្ជាក់ថា ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និងម៉ឹងម៉ាត់ក្នុងការកែទម្រង់មុតស្រួច, ស៉ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានផ្តាំផ្ញើ និងជំរុញជាថ្មីម្ដងទៀត ឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្ម, មុខងារ, កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និង ឆន្ទៈកែទម្រង់ មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបានកំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី៤»៕