(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងរំលេចនូវសមិទ្ធផលគន្លឹះធំៗ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល ២០ឆ្នាំកន្លងមក (២០០៤-២០២៤) និងបានបញ្ជាក់ថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមមានទំនាក់ទំនងយ៉ាងស្អិតល្មួត ជាមួយនឹងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ជាតិ។

ការថ្លែងរបស់សម្តេចធ្វើឡើងក្នុងឱកាស អញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។

សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចនូវសមិទ្ធផលគន្លឹះធំៗមួយចំនួន ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលកន្លងមក សម្រាប់ជាមូលដ្ឋាននៃត្រៀមរៀបចំខ្លួន ឈានឆ្ពោះទៅសម្រេចគោលដៅនៃដំណាក់កាលបន្តខាងមុខដូចខាងក្រោម៖

សមិទ្ធផលគន្លឹះទី១៖ ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា (BudgetCredibility)។ ក្នុងរយៈពេល ៥ ឆ្នាំដំបូងនៃការអនុវត្តដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់, យើងបានធ្វើឱ្យថវិកាជាតិ ទទួលបាននូវ «ភាពជឿទុកចិត្ត», ដែលទទួលបាននូវការវាយតម្លៃខ្ពស់ ពីតួអង្គពាក់ព័ន្ធទាំងអស់, ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ និងស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិ, តាមរយៈកិច្ចប្រឹងប្រែងកៀរគរចំណូល, ជាពិសេសការពង្រឹងស្ថាប័ន និងការធ្វើទំនើបកម្ម រដ្ឋបាលសារពីរពន្ធ, ការកែទម្រង់លើការព្យាករណ៍ចំណូល និងការប៉ាន់ស្មានចំណាយ តាមត្រីមាស និងប្រចាំឆ្នាំ, ការលើកកម្ពស់តម្លាភាពថវិកា, ការធ្វើផែនការថវិកា, ការកែលម្អប្រព័ន្ធកត់ត្រា ក៏ដូចជាប្រព័ន្ធរាយការណ៍ និងការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ជាដើម, ដែលទាំងអស់នេះ សុទ្ធសឹងជាសមាសធាតុគន្លឹះ ចូលរួមចំណែកដល់ការបង្កើនទំហំ និងការពង្រឹងការគ្រប់គ្រងចំណូលថវិការដ្ឋ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់គ្រងចំណាយ ។

សមិទ្ធផលគន្លឹះទី២៖ ការកសាងបានជាមូលដ្ឋាន នូវសមាសធាតុចាំបាច់ទាំងឡាយនៃប្រព័ន្ធថវិកាទំនើប ឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ។ ក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ, យើងកសាងបាននូវប្រព័ន្ធថវិកាមួយ ពីប្រព័ន្ធដែលការខ្វះចន្លោះជាច្រើន មកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ ដោយចាប់ផ្តើមពីដំណាក់កាលដំបូងនៃការធ្វើឱ្យថវិកាមាន «ភាពជឿទុកចិត្ត», បន្ទាប់មកក្នុងដំណាក់កាលទី ២ គឺការបន្តពង្រឹង «គណនេយ្យភាពហិរញ្ញវត្ថុ» ហើយបន្តមកទៀត, ក្នុងដំណាក់កាលទី ៣គឺការសម្រេចបាន ជាសារវន្តនូវសមាសធាតុគន្លឹះទាំងឡាយនៃ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» តាមរយៈការអនុវត្តថវិកាកម្មវិធី សំដៅធ្វើឱ្យថវិការបស់យើងកាន់តែផ្លាស់ប្តូរ ទៅជាថវិកាបែបវិមជ្ឈការ និងផ្តោតលើលទ្ធផល និងសមិទ្ធកម្ម។ នៅខាងទិដ្ឋភាពឌីជីថល, ការគ្រប់គ្រងថវិកា, ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ, ក៏ត្រូវបានផ្លាស់ប្តូរជាបណ្តើរៗ ទៅកាន់ ការគ្រប់គ្រងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។ ក្នុងឱកាសនោះសម្តេចក៏ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ចំនួន ៤៤ បន្ថែមទៀត ដែលតាមរយៈនេះ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌទាំងអស់នោះ នឹងត្រូវអនុវត្តនីតិវិធីចំណាយចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ពោលគឺលែងប្រើប្រាស់នីតិវិធីដោយក្រដាសទៀតហើយ។ ក្នុងន័យនេះ, បើពិនិត្យលើវដ្ដថវិកា (Budget cycle) ទាំងក្នុងដំណាក់កាលរៀបចំថវិកា, អនុម័តថវិកា, អនុវត្តថវិកា, ត្រួតពិនិត្យតាមដាន និងវាយតម្លៃថវិកា គឺប្រព័ន្ធថវិការបស់យើងមានសមាសធាតុចាំបាច់គ្រប់គ្រាន់, ទាំងលើទិដ្ឋភាពស្ថាប័ន, ប្រព័ន្ធគ្រប់គ្រង, ក្របខណ្ឌគតិយុត្ត, យន្តការ, និងធនធានមនុស្ស ដែលធ្វើឱ្យស្ថាប័នរដ្ឋមានសមត្ថភាព អាច ឆ្លើយតបបានកាន់តែប្រសើរឡើងទៅនឹងបញ្ហានានា, ជាពិសេស នៅពេលមានវិបត្តិមិនអាចស្មានទុកជាមុនបាន ។

សមិទ្ធផលគន្លឹះទី ៣៖ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ សម្រាប់ការចាប់យក «ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម» ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេចឱ្យបាន នៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នេះ នូវ «គណនេយ្យភាពសមិទ្ធកម្ម» ដែលមានន័យថាជាការទទួលខុសត្រូវ​​លើលទ្ធផលចុងក្រោយ ។
សមិទ្ធផលគន្លឹះទី៤៖ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចីរភាព ក្នុងរយៈពេលវែង ។ បើគិតចាប់ពីឆ្នាំ ២០០៤មក, កម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងល្អ ក្នុងរង្វង់៧% ក្នុងមួយឆ្នាំ ជាមួយនឹងការរក្សាបាននូវអត្រាអតិផរណាទាបក្នុងរង្វង់ ៣% ប្រចាំឆ្នាំ និង អត្រាប្តូរប្រាក់មានស្ថិរភាព, លើកលែងតែក្នុងអំឡុង នៃវិបត្តិកូវីដ-១៩ ប៉ុណ្ណោះ ដែលកំណើនមានការធ្លាក់ចុះ ដូចស្ថានភាពដែលប្រទេសសឹងទាំងអស់ទូទាំងពិភពលោក បានជួបប្រទះ ។

ជាការពិត, ក្រោយពីស្ថានភាពនៃវិបត្តិកូវីដ-១៩ បានថមថយ, ទោះបីជាសេដ្ឋកិច្ចសកលនៅបន្តជួបនឹងបញ្ហាប្រឈម និងភាពមិនប្រាកដប្រជា ខ្ពស់យ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងរហ័ស មករកអត្រាកំណើនជាសក្តានុពលឡើងវិញ។ ច្បាស់ណាស់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួជាកត្តាមួយដ៏សំខាន់ ក្នុងការរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មាន ភាពរឹងមាំយ៉ាងដូច្នេះ ។ ជារួម, លទ្ធផលដ៏ល្អនៅក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាសម្រេចបានកំណើនខ្ពស់ និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជា ប្រទេស មានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ ហើយបន្តជម្នះបានដោយជោគជ័យ នូវវិបត្តិផងទាំងពួង និង កំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស មានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។ សមិទ្ធកម្មដ៏ប្រសើរនេះ ក៏បានផ្តល់លទ្ធភាពកាន់តែខ្ពស់ ជូនរាជរដ្ឋាភិបាលក្នុងការ លើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ, ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ, និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានកាន់តែល្អឡើងជាលំដាប់ ។

សមិទ្ធផលគន្លឹះទី៥៖ ការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ។ ក្នុងបុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ, សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និង តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនា របស់ប្រទេសជាតិ ដោយបានកាត់បន្ថយការពឹងផ្អែក លើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំ មានទំហំមិនដល់ ២០ ភាគរយនៃថវិកាជាតិសរុបនោះទេ ។ ផ្ទុយទៅវិញ, នៅក្នុងអតីតកាល៣០ ឆ្នាំមុន, ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិសរុបតែប៉ុណ្ណោះ, បានន័យថា តម្រូវការប្រមាណពីរភាគបីនៃថវិកាជាតិ ត្រូវបានដោះស្រាយ ដោយប្រភពធនធាន ជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំផ្តួចផ្តើមដាក់ឱ្យអនុវត្ត នូវ «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» មួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង គ្របដណ្តប់លើគ្រប់ទិដ្ឋភាពនៃប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈរបស់ជាតិ។ កម្មវិធីនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០០៤ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ក្នុងឋានៈសម្តេចជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលនោះ។

ចក្ខុវិស័យនៃកម្មវិធីកែទម្រង់នេះ គឺ៖ ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ, ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ, ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ។ កម្មវិធីកែទម្រង់នេះ ផ្ដោតសំខាន់លើការពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងចំណូល និងចំណាយថវិការដ្ឋ ដើម្បីជាគុណប្រយោជន៍ ដល់ការគាំទ្រ ការអនុវត្តគោលនយោបាយ តាមវិស័យរបស់រាជរដ្ឋាភិបាល ។

ដើម្បីសម្រេចចក្ខុវិស័យនៃកម្មវិធីកែទម្រង់ខាងលើ, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកយុទ្ធសាស្ត្រ បោះជំហានតាមដំណាក់កាល ឬ អភិក្រមជាខឿន តាមរយៈក្របខណ្ឌផែនការសកម្មភាពរួមដ៏លម្អិតមួយ ដែលផ្សំឡើងពី៖ (១).បណ្តាសកម្មភាពចាំបាច់ សម្រាប់ការកសាងមូលដ្ឋានគ្រឹះ នៅតាមដំណាក់កាលនីមួយៗ និង (២). សកម្មភាពចាំបាច់នានា ដែលត្រូវចាប់ផ្ដើមសាកល្បងដកពិសោធន៍ ជាបណ្តើរៗ មុនឈានចូលទៅដល់ដំណាក់កាលបន្ទាប់ ។ ក្នុងនោះ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានបែងចែកជា ៤ ដំណាក់កាលរួមមាន៖
* ដំណាក់កាលទី ១ ផ្តោតលើ ការកសាងភាពជឿទុកចិត្តនៃថវិកា
* ដំណាក់កាលទី ២ ផ្តោតលើ ការកសាងគណនេយ្យភាពហិរញ្ញវត្ថុ
* ដំណាក់កាលទី ៣ ផ្តោតលើ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង
* ដំណាក់កាលទី ៤ ផ្តោតលើ ការកសាងគណនេយ្យភាពសមិទ្ធកម្ម៕