(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងកម្លាំងនគរបាលស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនបាន បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចកាច់សោកម៉ូតូ១គ្រឿងបានសម្រេច និងព្យាយាមជិះគេចខ្លួន រហូតដួលបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ហើយពួកគេពុំបានដឹងថា ម៉ូតូនោះមានភ្ជាប់ប្រព័ន្ធតាមដានសុវត្ថិភាព GPS នោះឡើយ។

ហេតុការណ៍ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង ២៖១០នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន៖

*ទី១៖ ឈ្មោះ ប៊ុន ប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រងរបួសជង្គង់ និងដៃទាំង២។
*ទី២៖ ឈ្មោះ សេង សាំមន្នី ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់កូនដៃឆ្វេង។

ជាមួយគ្នានេះ កម្លាំងនគរបាលដកហូតវត្ថុតាងមួយចំនួនរួមមាន៖

*ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HB-4901 របស់ជនរងគ្រោះ
*ម៉ូតូម៉ាកស៊ុយហ៊្សុយគីនិច១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខក្រចេះ 1A-3884 ជារបស់ជនសង្ស័យ
*កាបូបលុយ១មានលុយចំនួន ១៦,០០០រៀល, ទូរស័ព្ទដៃម៉ាក OPPO ចំនួន២គ្រឿង។

នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ជនរងគ្រោះឈ្មោះ ស្រ៊ុន មាស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូទៅទុកនៅមុខហាងកាហ្វេខាងលើ។ បន្ទាប់ពីចាក់សោក ត្រឹមត្រូវរួចហើយ គាត់ក៏បានដើរចូលទៅក្នុងហាង។ ក្រោយមកស្រាប់តែជនសង្ស័យបានជិះម៉ូតូទៅធ្វើសកម្មភាព លួចយកម៉ូតូរបស់គាត់បានសម្រេច រួចបានជិះគេចខ្លួនម្នាក់១គ្រឿងបាត់ស្រមោល។

នគរបាលបានបញ្ជាក់ទៀតថា ជនរងគ្រោះក្រោយពេលដឹងថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់ ក៏បានឆែកមើលប្រព័ន្ធតាមដានសុវត្ថិភាព GPS ក៏ឃើញសញ្ញាម៉ូតូរបស់ខ្លួនកំពុងស្ថិតនៅនៅតាមផ្លូវក្នុងភូមិសាស្រ្តស្រុកបាទី ខេត្តតាកែវ។

ពេលនោះគាត់ បានប្ដឹងសុំឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍។ ភ្លាមៗនោះ កម្លាំងនញរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ ចុះទៅសហការជាមួយកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងកម្លាំងនគរបាលស្រុកបាទី ខេត្តតាកែវ ដេញតាមសញ្ញានៃប្រព័ន្ធ GPS ផ្ដល់ឲ្យ។

ក្រោយប្រទះឃើញជនសង្ស័យ, កម្លាំងនគរបាលក៏បានដេញតាមឃាត់ ប៉ុន្តែជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេចខ្លួនរហូតដួលរងរបួសទើបឃាត់បាន បន្ទាប់មកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ព្រះកុសុមៈ និងរង់ចាំចាត់ការតាមច្បាប់នៅពេលដែលរបួសពួកគេធូរស្បើយ៕