(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តជាតិត្រពាំងក្រៀលថ្មី។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ថោង ស្រាន់ អភិបាលរងខេត្ត តំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្រ្តីចំណុះនាយកដ្ឋានច្រកទ្វារទី១ និងគ្រប់បណ្តាអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងភាគីឡាវផងដែរ។

តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា លោកវរសេនីយ៍ឯក អ៊ូច មាន ត្រូវបានប្រកាសតែងតាំងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ជំនួសលោកវរសេនីយ៍ត្រី ញ៉ែម បូរីម ដែលត្រូវបានផ្ទេរភារកិច្ចចេញ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនោះ លោក ថោង ស្រាន់ អភិបាលរងខេត្តស្ទឹងត្រែង បានផ្តាំផ្ញើដល់នាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ថ្មី ត្រូវរក្សាឲ្យបានល្អនូវក្រមសីលធម៌ វិជ្ជាជីវ: ក្នុងនាមជាថ្នាក់ដឹកនាំ ដោយមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការងារ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងបន្តគោរព ព្រមទាំងអនុវត្តន៍ឲ្យបាននូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវជំរុញការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឲ្យបានកាន់តែល្អប្រសើរឡើង។

ឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវតែស្វែងយល់អំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួននៅក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលបានបំពេញបេសកកម្មការងារ នៅតាមគោលដៅច្រកទ្វារព្រំដែនអន្តរជាតិ ដូចជា៖

*ការត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន
*ខិតខំស្វែងយល់នូវឯកសារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ
*ត្រូវមានទំនាក់ទំនងកិច្ចសហការជាមួយស្ថាប័ននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាប្រទេសមានព្រំដែនជាប់គ្នា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក។

ឧត្តមសេនីយ៍ឯក បានជំរុញដល់កម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា និងបទល្មើសឆ្លងដែននានា ព្រមទាំងត្រូវពង្រឹងបន្ថែមលើការងារការពារសណ្តាប់ធ្នា​ប់សន្តិសុខជូនដល់ ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនឲ្យបានតឹងរឹងបំផុត៕