(កណ្ដាល)៖ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល តំណាងលោកលោក ម៉ឹង យូឡេង ប្រធានមន្ទីរ បានជំរុញដល់សិក្ខាកាមដែលមករៀនជំនាញបច្ចេកទេសជួសជុល ថែទាំផ្លូវថ្នល់ទាំង ៤៨នាក់រូប ត្រូវត្រងត្រាប់ស្ដាប់ និងខិតខំសិក្សាស្វែងយល់ឲ្យច្បាស់លាស់លើបច្ចេកទេសនេះ ដើម្បីឈរលើគុណភាពពិតប្រាកដចំពោះការថែទាំ និងជួសជុលផ្លូវថ្នល់ប្រកបដោយបច្ចេកទេសពិតប្រាកដ និងមានគុណភាពខ្ពស់។ ពិសេសត្រូវយកចំណេះដឹងនេះទៅបម្រើដល់វិស័យខាងលើប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពស្មោះត្រង់ជាទីបំផុត។

អនុប្រធានមន្ទីរ បានថ្លែងជំរុញបែបនេះក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដិពីជំនាញបច្ចេកទេសជួសជុល ថែទាំផ្លូវថ្នល់ នៅសាលប្រជុំមន្ទីរនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ប៉ែត សារ៉ាត់ តំណាងប្រធានមន្ទីរ បានសម្ដែងការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គគ្រូបង្គោល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃគ្រួសារមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំរួមគ្នា យ៉ាងសកម្ម ក្នុងការបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតឈានដល់ការបើកវគ្គបណ្ដុះបណ្ដាលនេះឡើង។

លទ្ធផលខាងលើនេះ សបញ្ជាក់អំពីធនធានមនុស្សសម្រាប់ការអនុវត្តស្ថាបនាផ្លូវថ្នល់ជួសជុល និងថែទាំ ប្រកបដោយសក្កដានុពល ធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអនុវត្តការងារនៅការដ្ឋាននានា ក្នុងគម្រោងឆ្នាំ២០២៤ ដែលនឹងបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខនេះ។

លោកអនុប្រធានមន្ទីរ ក៏បានដាក់ក្ដីសង្ឃឹម និងជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់ការិយាល័យចំណុះមន្ទីរ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការខិតខំបំពេញការងារទាំងនៅក្នុងអង្គភាព និងតាមការដ្ឋាន ការផ្ដល់សេវាសាធារណៈការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការងារជួសជុលថែទាំផ្លូវថ្នល់ប្រកបដោយគុណភាពប្រសិទ្ធភាពទាន់ពេលវេលា ឆ្លើយតបនឹងទំនុកចិត្តរបស់សាធារណៈជនទូទៅ ពិសេសប្រជាពលរដ្ឋអ្នកទទួលបានសេវា៕