(ភ្នំពេញ)៖ លោក កុល កំពូល អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងទទួលបន្ទុកចំណាត់ការ បានសម្រេចអ្នកចាក់ភ្នាល់មាន់ជល់ម្នាក់ដាក់ពន្ធនាគារ តែដាក់ឲ្យនៅក្រោមការត្រួតពិនិត្យ ក្រុមលេងល្បែងស៊ីសងខុសច្បាប់ និងចាក់ភ្នាល់មាន់ជល់៥នាក់។

នេះបើយោងតាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤។ ប្រភពសមត្ថកិច្ចដដែល បានបញ្ជាក់បន្ថែមថា លោកចៅក្រម កុល កំពូល បានសម្រេចចំពោះករណីខាងលើ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

ទាក់ទិនករណីនេះ អ្នកនាំពាក្យស្ថាប័នអយ្យការបានបញ្ជាក់ ភ្នាក់ងារ Fresh News នៅថ្ងៃទី១៣ ខែកុម្ភៈ ថា «ករណីខាងលើនេះ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរលើជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា និង៥នាក់ទៀត ពីបទលេងល្បែងស៊ីសង រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ»

សូមរំលឹកថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យដោយបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបក្នុងបទល្មើសជាក់ស្តែងទីតាំង បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) ប្រព្រឹត្តនៅចំណុចដីឡូតិ៍មាត់ទន្លេ ផ្លូវលំមាត់ទន្លេ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់យកវត្ថុតាង និងមនុស្សចំនួន៦នាក់ បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី៕