(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួង និងសាកលវិទ្យាល័យ ដើម្បីដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» លើសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ក្រុមការងារជំនាញបានសហការក្នុងការរៀបចំប្រព័ន្ធ និងបានបញ្ចប់រួចរាល់នូវការដាក់បញ្ចូល QR Code រួមមានដូចខាងក្រោម៖
* សញ្ញាបត្រថ្នាក់បណ្ឌិត ជំនាន់ទី២ ចំនួន ១
* សញ្ញាបត្រថ្នាក់បណ្ឌិតស្រាវជ្រាវ ជំនាន់ទី៧ ចំនួន ២
* សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២៣ ចំនួន ២៩៤ និងជំនាន់ទី២4 ចំនួន 335
* សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២៧ ចំនួន ២,៣២៣ និងជំនាន់ទី២៨ ចំនួន 2,264

សូមបញ្ជាក់ផងដែរថា សញ្ញាបត្រដែលមានដាក់បញ្ចូល QR Code អាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចប្រើប្រាស់ជាផ្លូវការដោយមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃសញ្ញាបត្រ ក្នុងទម្រង់ជាក្រដាសឡើយ។

ទន្ទឹមនឹងនេះ ក.ប.ទ. និង ស.ជ.គ. នឹងបន្តសហការដាក់បញ្ចូល QR Code លើសញ្ញាបត្រចេញដោយ ស.ជ.គ. ជូនអតីតនិស្សិតដែលបានបញ្ចប់សញ្ញាបត្រថ្នាក់បណ្ឌិត សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដែលនឹងអនុញ្ញាតឱ្យអតីតនិស្សិតនៃ ស.ជ.គ. ទទួលបានសញ្ញាបត្រដែលមាន QR Code ជាឯកសារទន់ (Soft Copy) តាមរយៈសេចក្តីជូនដំណឹងនាពេលខាងមុខឆាប់ៗនេះ៕