(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការងារអធិការកិច្ច គឺរួមចំណែកជួយដល់ការអនុវត្តអភិក្រម៤ខាងដើម ក្នុងចំណោមអភិក្រមទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជា (ឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល និងវះកាត់) ពីព្រោះការអនុវត្តការងារមួយចំនួនអាចនឹងកើតមានបញ្ហាប្រាសចាកពីច្បាប់ ឬផែនការ ដូច្នេះទាមទារឱ្យមានស្ថាប័នដៃគូធ្វើអធិការកិច្ច ដើម្បីត្រួតពិនិត្យ ផ្ដល់យោបល់ ហើយជួយគ្នាពត់តម្រង់ឱ្យត្រឹមត្រូវតាមច្បាប់ ឬតាមផែនការទាំងនោះ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា «អភិក្រមទាំង៥ គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល និងវះកាត់ ហើយការងារអធិការកិច្ចនេះគឺជួយអភិក្រម៤ខាងដើម គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល។ ការងារពិនិត្យ ផ្ដល់យោបល់ អាចឱ្យយើងឆ្លុះកញ្ចក់ខ្លួនឯងបាន ព្រោះយើងមិនអាចមើលខ្នងខ្លួនឯងនោះ គឺត្រូវការស្ថាប័នដៃគូដើម្បីជួយប្រាប់រឿងនៅក្រោយខ្នង»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទូចដល់ក្រសួង ស្ថាប័ន អង្គភាពទាំងឡាយសូមកុំចាត់ទុកការងារអធិការកិច្ចជាការងារចុះចាប់ឱ្យសោះ តែត្រូវចាត់ទុកជាការឆ្លុះបញ្ចាំងនូវគុណសម្បត្តិ គុណវិបត្តិ។

សម្ដេចធិបតីបានបន្តថា ការតាមដាន ត្រួតពិនិត្យ គឺជាការធានានូវប្រសិទ្ធភាពការងារ ព្រោះការអនុវត្តតាមផែនការនានាមិនងាយនឹងត្រូវតាមផែនការទាំងស្រុងនោះទេ ដូច្នេះទាមទារឱ្យមានការត្រួតពិនិត្យ តាមដានជាប្រចាំតាមរយៈអធិការកិច្ច សវនកម្ម ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តត្រឹមត្រូវឡើងវិញ។

សូមរំលឹកថា យោងតាមព្រះរាជក្រម កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិយុត្តនេះទាំងស្រុងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤៕