(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៤នេះ ប្រព័ន្ធរដ្ឋបាលរបស់រដ្ឋ មិនផ្អែកលើបុគ្គលទៀតនោះទេ តែផ្អែកលើប្រព័ន្ធការងា ដោយមិនឱ្យមនុស្សបង្រៀនប្រព័ន្ធការងារនោះទេ គឺឱ្យប្រព័ន្ធការងារបង្រៀនមនុស្សវិញ ដោយមានស្តង់ដារប្រតិបត្តិមួយដែលមានការឯកភាពគ្នាទៅលើច្បាប់ ផ្អែកទៅលើបទដ្ឋានការងារដែលមាននិរន្តរភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច។

ថ្លែងនាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបចំយន្តការ និងរបៀបរបបនៃការងារ របស់យន្តការដែលជាសេនាធិការខាងអធិការកិច្ច និងសវនកម្មរបស់រាជរដ្ឋាភិបាល របស់ក្រសួងស្ថាប័ន ព្រោះបើយើងរៀបចំកម្លាំងត្រូវ រៀបចំប្រព័ន្ធការងារត្រូវជួយយើងបានច្រើនណាស់ មានតួនាទីភារកិច្ចច្បាស់លាស់ ចែកតំបន់គ្នាច្បាស់លាស់ ប្រទាក់ក្រឡាគ្នាកាន់តែជួយថែមទៀត ការបង្កើតភាពធន់ និងចេរភាពនៃការងារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះទៀតថា «ការបង្កើតភាពធន់ និងចេរភាពនៃការងារ បានន័យថា ពេលដែលយើងបង្កើតការងារហើយមានការងារច្បាស់លាស់ហើយ គឺអត់ពឹងទៅលើបុគ្គលទៀតនោះទេ អត់ពឹងថាទាល់តែប្រធានអធិការកិច្ចមានទម្ងន់ទើបចូលជាមួយគេចុះ ហើយអ្នកថ្មីមកអត់មានទម្ងន់ចូលអត់ចុះនោះទេ បើយើងដឹងពីតួនាទីភារកិច្ចច្បាស់លាស់មិនពឹងលើបុគ្គលទៀតនោះទេ ហើយយើងចង់ឱ្យប្រព័ន្ធការងារយើងអត់ផ្អែកទៅលើឥទ្ធិពលបុគ្គលទៀតនោះទេ គឺផ្អែកទៅលើការឯកភាពគ្នាទៅលើប្រព័ន្ធការងារ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀថា ការធ្វើដូចនេះគឺមិនឱ្យមនុស្សបង្រៀនប្រព័ន្ធការងារនោះទេ គឺឱ្យប្រព័ន្ធការងារបង្រៀនមនុស្សវិញ គឺមានស្តង់ដារប្រតិបត្តិមួយ ដែលមានការឯកភាពគ្នាទៅលើច្បាប់ ផ្អែកទៅលើបទដ្ឋានការងារដែលមាននិរន្តរភាព ហើយគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអាចនិយាយភាសារតែមួយ គឺភាសាអធិការកិច្ច យើងអាចយល់គ្នាបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទាំងនេះគឺជានិរន្តរភាពនៃការធ្វើកំណែរទម្រង់ដែលយើងចង់បាន ហើយនៅឆ្នាំ២០២៤នេះសម្តេចសង្ឃឹមថា និងអាចធ្វើបានច្រើន ដែលទាំងនេះគឺជាការងារពង្រឹងរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ៕