(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យពិនិត្យលើយន្តការនៃការធ្វើអធិការកិច្ច ដើម្បីធ្វើយ៉ាងណាកុំឱ្យអនុវត្តជាន់តួនាទីភារកិច្ចគ្នា។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានទទួលដំណឹងថា មានការធ្វើចុះធ្វើអធិការកិច្ចលើកិច្ចការតែមួយរហូតល់៦-៧ដង ក្នុងមួយឆ្នាំ ដែលមានការលំបាកសម្រាប់អង្គភាពដែលត្រូវបានចុះធ្វើអធិការកិច្ច។

សម្តេចបានបញ្ជាក់ថា៖ «ពេលខ្លះមានការលំបាកដែរ ឥឡូវនៅថ្នាក់ជាតិយើងមាន៤ស្ថាប័នដែលធ្វើការងារ(អធិការកិច្ច)នេះ មានអាជ្ញាធរសវនកម្មជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអធិការកិច្ច ​ក្រសួងមុខងារសាធារណៈ ដែលមានសិទ្ធិធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័នថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ខេត្ត»

កន្លងទៅពាក់ព័ន្ធនឹងការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៦៨ នៅឆ្នាំ២០២០ ដើម្បីធ្វើយ៉ាងណាសម្របសម្រួលដល់ការងារអធិការកិច្ច។ សម្តេចធិបតី​ បានជំរុញឱ្យយកអនុក្រឹត្យនេះ ក្នុងស្មារតីធ្វើយ៉ាងណាជំរុញពង្រឹងទៅលើការងារអធិការកិច្ច ខណៈដែល នៅក្នុងក្រសួងស្ថាប័ន ក៏មានខាងសវនកម្មផ្ទៃក្នុង និងអ​ធិការកិច្ចផ្ទៃក្នុង ហើយឥឡូវក៏បង្កើតឱ្យមានយន្តការតាមដានសមិទ្ធកម្មថែមទៀត។

សម្តេចបន្តថា «យើងមើលតែ៣នេះ ចាំបាច់ត្រូវមានទាំង៣ ឬកន្លែងខ្លះជាន់គ្នាទៅហើយ អញ្ចឹងត្រួតនៅក្នុងក្រសួង មើលតាមនាយកដ្ឋានមួយៗ ដែលនាយកដ្ឋានខ្លះពីខាងក្រៅមក Audit ផង និងពីខាងក្នុងផង ដែលខ្លះចូល៦-៧ដង លើកិច្ចការតែមួយ»

សម្តេចធិបតីក៏បានជំរុញឱ្យក្រសួងស្ថាប័ន ដែលធ្វើអធិការកិច្ច ធ្វើយ៉ាងណាអនុវត្តតាមអនុក្រឹត្យលេខ១៦៨ឱ្យបានល្អ។ សម្តេចបញ្ជាក់ថា «បើជើងយើងច្រើន ដើរព័ន្ធតែគ្នាវាពិបាក បើព័ន្ធដួលទៅគឺដួលទៅលើអង្គភាពថ្នាក់ក្រោម ហើយការងារនេះ២០ឆ្នាំហើយ តាមខ្ញុំដឹង ដែលយើងខិតខំកែសម្រួល»

សម្តេចបានបំផុសគំនិតថា ពេលនេះកម្ពុជាមានស្ថាប័នអធិការកិច្ចថ្នាក់ជាតិចំនួន៤ ហើយថាតើអាចរៀបចំជាយន្តការកំពូលណាមួយដើម្បីសម្របសម្រួលអនុវត្តយន្តការនេះទេ ឬប្រគល់ភារកិច្ចជូនស្ថាប័នណាមួយដើម្បីដឹកនាំតាមដានត្រួតពិនិត្យលើការងារអធិការកិច្ច៕