(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើក្រសួង/ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយក្រសួងអធិការកិច្ច ដើម្បីកែលម្អការងារ កុំខ្លាច និងរត់គេចពីការងារធ្វើអធិការកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារបស់ក្រសួងអធិការកិច្ច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា អភិក្រមយើងទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ការងារអធិការកិច្ចនេះ គឺជួយអភិក្រម៤ ខាងដើម។ ការងារពិនិត្យ ផ្តល់យោបល់ ឲ្យយើងជួយឆ្លុះកញ្ចក់ខ្លួនឯងបាន ដែលខ្ញុំឧស្សាហ៍និយាយ បើយើងឆ្លុះកញ្ចក់ ក្រែងលោយើងមើលខ្នងយើងមិនឃើញ ត្រូវការស្ថាប័នដៃគូ ដើម្បីជួយកាន់កញ្ចក់ក្រោយខ្នង ហើយប្រាប់។ អីចឹង ខ្ញុំសុំឲ្យអង្គភាពស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺការងារចុះចាប់។ គឺអភិក្រម៤ ឆ្លុះបញ្ចាំងគុណសម្បត្តិ និងគុណវិបត្តិ សវនកម្មដូចគ្នា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំចាត់ទុកក្រសួងអធិការកិច្ច ជាស្ថាប័នចាប់ចង និងណែនាំឱ្យពិនិត្យឡើងវិញលើយន្តការនៃការធ្វើអធិការកិច្ច កុំឱ្យជាន់តួនាទី ភារកិច្ចគ្នា។ សម្តេចធិបតី ក៏បានណែនាំកសាងច្បាប់អធិការកិច្ចឱ្យចេញជារូបរាងនៅឆ្នាំ២០២៤។

សូមជម្រាបថា ការងារសំខាន់ៗ របស់ក្រសួងអធិការកិច្ច មានចំនួន ៣ចំណុច រួមមាន៖

* ទី១៖ ការងារអធិការកិច្ច,
* ទី២៖ ទទួលបេសកកម្មពីរាជរដ្ឋាភិបាល តាមដានការអនុវត្តច្បាប់ គឺការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានជាធរមាននៅកម្ពុជា
* និងទី៣៖ ការទទួលខុសត្រូវលើការទទួលពាក្យបណ្តឹង អង្កេត និងស្រាវជ្រាវ ទទួលពីប្រជាពលរដ្ឋ និងមានសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៉ើបអង្កេតរាប់តាំងពីរូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលដើមបណ្តឹងបានប្តឹងទៅក្រសួង។

ក្រសួងអធិការកិច្ច ចុះត្រួតពិនិត្យតាមក្រសួង/ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងរឿងល្អ និងមិនល្អ។ បើឃើញថាស្ថាប័ននោះល្អ ក្រសួងនឹងជួយផ្សព្វផ្សាយឲ្យយកជាគម្រូ តែបើធ្វើអធិការកិច្ចទៅមានកំហុស ក្រសួងអធិការកិច្ច នឹងបន្តនីតិវិធី។ នីតិវិធីនោះ បើកំហុសតូចតាច ស្ថាប័ននោះនឹងត្រូវណែនាំអប់រំ និងកែប្រែ តែបើធ្ងន់ធ្ងរ ត្រូវស្រាវជ្រាវឲ្យច្បាស់ ធ្វើរបាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីចាត់វិធានការ។

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ការងារអធិការកិច្ច ទាមទារ ៣ចំណុច ធនធានមនុស្ស យន្តការរបៀបរបបការងារ និងបទដ្ឋានគតិយុត្ត៕