(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងផ្តាំផ្ញើដល់បណ្តាក្រសួងស្ថាប័នទាំងអស់ សូមកុំចាត់ទុកក្រសួងអធិការកិច្ច ជាស្ថាប័នចុះចាប់ ត្រូវគិតថាជាដៃគូពង្រឹងការអនុវត្តការងារ ដើម្បីឆ្លុះបញ្ជាំងនូវគុណសម្បត្តិ គុណវិបត្តិ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច។

សម្តេចបានថ្លែងថា ក្រសួងអធិការកិច្ចបានដើរតួនាទីសំខាន់ ទោះបីទើបប្តូរឈ្មោះ ប៉ុន្តែភារកិច្ចនៅតែបន្តដដែល ហើយការប្តូរឈ្មោះនេះ គឺបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ច ដើម្បីដើរតួនាទី ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកាន់តែសកម្ម ក្នុងពង្រឹងកិច្ចការអភិបាលកិច្ច។

សម្តេចបន្តថា ការតាមដានត្រួតពិនិត្យ គឺជាការងារស្ទូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដែលគោលការណ៍ស្នូលរបស់យើង គឺការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

សម្តេចបន្តថា «នៅក្នុងរបាយការណ៍ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ហើយក៏ដូចជាការលើកឡើងនៅក្នុងអង្គប្រជុំ គឺលឺសូរឱ្យតែពាក្យ អធិការកិច្ច គឺថាដឹងតែមកចាប់ហើយ គេចធ្វើម៉េចយករួចខ្លួនសិន។ ខ្ញុំបញ្ជាក់ថា អភិក្រមយើងទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ការងារអធិការកិច្ចនេះ គឺជួយអភិក្រម ៤ខាងដើម [...] អីចឹងខ្ញុំសុំឱ្យអង្គភាពស្ថាប័នទាំងអស់កុំចាត់ទុក ការងារអធិការកិច្ច ជាការងារចុះចាប់ គឺជាការពង្រឹងអភិក្រម ៤ ដើម្បីឆ្លុះបញ្ជាំងនូវគុណសម្បត្តិ គុណវិបត្តិជួយគ្នា»

សម្តេចធិបតីបាន ថ្លែងនូវការអរគុណដល់មន្ត្រីសវនកម្ម មន្ត្រីអធិការកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលបានបំពេញតួនាទីរបស់ខ្លួ​ន​។

ស​ម្តេចបន្តថា កិច្ចការអធិការកិច្ច ជាកិច្ចការស្មុគស្មាញ ដែលទាមទារនូវការក៏សាងសមត្ថភាព លក្ខណៈសម្បត្តិសំខាន់ៗ ក្នុងន័យនេះ សម្តេចជំរុញឱ្យក្រសួងអធិការពិនិត្យការងារចំនួន៣ គឺធនធានមនុស្ស យន្តការ និងរបៀបរបបការងារ និងបទដ្ឋានគតិយុត្តិ៕