(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្ដូរឈ្មោះក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មកជា ក្រសួងអធិការកិច្ច នៅដើមអាណត្តិទី៧ គឺជាការសម្រួចមុំតួនាទីរបស់ក្រសួងឱ្យកាន់តែមុតស្រួច ឈានទៅធ្វើជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារអភិបាលកិច្ច និងឆ្លុះបញ្ចាំងពីការងារស្នូលរបស់ក្រសួង ព្រមទាំងបញ្ជាក់នូវឆន្ទៈមុះមុតឥតងាករេរបស់រាជរដ្ឋាភិបាល។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងអធិការកិច្ច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រសួងអធិការកិច្ចបានដើរតួនាទីសំខាន់ ដែលយើងទើប្តូរឈ្មោះប៉ុន្តែភារកិច្ចនៅតែបន្ត ការប្តូរឈ្មោះនេះគឺបញ្ជាក់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាល នៅក្នុងការសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ច ដើម្បីដើរតួនាទីកាន់តែសកម្ម ជាសេនាធិការឱ្យរាជរដ្ឋាភិបាល នៅក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើសិនជាការគ្រប់គ្រងរដ្ឋមិនអាចធ្វើទៅបានដោយប្រសិទ្ធភាពទេ សួរថាតើរដ្ឋទៅធ្វើការងារអីបាន? បើគ្រប់គ្រងតែខ្លួនឯងមិនទាន់ច្បាស់លាស់។ បើដៃ ជើងមានច្រើន ប៉ុន្តែ ដៃ ជើង ចេះតែដើរព័ន្ធជើងគ្នាដួល តើដើរទៅឆ្ងាយយ៉ាងណារួច។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែមថា ការធ្វើកំណែទម្រង់អធិការកិច្ច និងស្ថាប័នរបស់ជាតិ គឺជាកិច្ចការងារដ៏សំខាន់ ហើយការងារតាមដាន ត្រួតពិនិត្យ ជាការងារស្នូលសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគោលការណ៍ស្នូលនោះ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈ ទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ៉ៃឆ្លាត និងស្អាតស្អុំ។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីសម្រេចភារកិច្ចអធិការកិច្ចនេះ ការតាមដាន និងត្រួតពិនិត្យ ការសង្កេត ការស្រាវជ្រាវលើដំណើរការអនុវត្តន៍ការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យរកគុណសម្បត្តិ គុណវិបត្តិ ដើម្បីធ្វើការកែលម្អឱ្យកាន់តែប្រសើរជាងមុន ចំណុចនេះគឺជាការងារដែលចាំបាច់បំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កិច្ចការងារអធិការកិច្ច គឺត្រូវធ្វើដោយមានប្រសិទ្ធភាពបំផុត និងប្រទាក់ក្រឡា។ ក្រសួងអធិការកិច្ច ជាយន្តការរបស់រាជរដ្ឋាភិបាល ដែលមានមុខងារធ្វើអធិការកិច្ចនៅគ្រប់វិស័យទាំងអស់។ សម្រាប់ស្នូលដ៏សំខាន់នៃកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ គឺការពង្រឹងអភិបាលកិច្ចល្អ ដោយឈរលើពាក្យស្លោក «រៀបចំផ្ទះយើងឱ្យស្អាត មុនរៀបចំផ្ទះគេ»

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅសម័យរដ្ឋសភាលើកទី១ នីតិកាលទី៧ បានបោះឆ្នោតគាំទ្រក្នុងសំឡេង ១១៤/១១៤ នៃចំនួនសមាជិករដ្ឋសភាដែលមានវត្តមានក្នុងសម័យប្រជុំនោះ ដើម្បីប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។

ក្នុងនោះលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក៏បានដឹកនាំក្រុមការងារតំណាងរាជរដ្ឋាភិបាលចូលការពារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧នេះផងដែរ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ ព្រមទាំងស្តាប់របាយការណ៍របស់គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ និងការពន្យល់បកស្រាយរបស់តំណាងរាជរដ្ឋាភិបាល អង្គប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ បានបោះឆ្នោតអនុម័ត ដោយសំឡេងគាំទ្រចំនួន ១១៤/១១៤ នៃចំនួនសមាជិករដ្ឋសភាដែលមានវត្តមានក្នុងសម័យប្រជុំ ដើម្បីប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»