(ភ្នំពេញ)៖ តាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានឱ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែសកម្មភាពឃោសនាផ្សេងទៀត ត្រូវបានធ្វើឡើងជាធម្មតានៅថ្ងៃនេះ។

តាមការកត់សម្គាល់៖

- គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនានៅស្ទើរតែគ្រប់រាជធានី ខេត្ត លើកលែងតែខេត្តព្រះសីហនុ ដែលភាគច្រើនជាការជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស រួមទាំងមានសកម្មភាពចុះជួបអ្នកបោះឆ្នោត បង្រៀនគូសសន្លឹកឆ្នោត និងចែកខិត្តបណ្ណផងដែរ។

-គណបក្ស ឆន្ទៈខ្មែរ មានសកម្មភាពជួបប្រជុំនៅខេត្តកណ្ដាល នៃភូមិភាគទី៣ និងបានចាក់មេក្រូផ្សព្វផ្សាយ ចែកខិត្តបណ្ណ និងជួបប្រជុំនៅខេត្តព្រៃវែង នៃភូមិភាគទី៦។

-គណបក្ស កម្លាំងជាតិ បានធ្វើសកម្មភាពជួបប្រជុំនៅខេត្តកំពង់ធំ នៃភូមិភាគទី៨។

-គណបក្សហ៊្វុនស៊ិនប៉ិច ពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃនេះទេ។

ជារួម ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទីបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕