(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលី៥ ឆ្នាំ ២០២៤ និងគូសសន្លឹកឆ្នោតសាកល្បងដល់សមាជិក សមាជិកាគណបក្សទៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកស្រីបានឱ្យដឹងថា តាមរយៈលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមក ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមុន្នីជ័យ នៅតែត្រូវការតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជានិច្ច។

ទន្ទឹមនឹងនេះ ទោះបីជាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកលក៏ពិតមែន ក៏ប៉ុន្តែគឺជាព្រឹត្តិការណ៍នយោបាយប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់នៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានកើតចេញពីឆន្ទៈរបស់ប្រជាជន។

លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋានគណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាអង្គបោះឆ្នោត សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះឱ្យបានសកម្មបំផុត ដើម្បីបង្ហាញអំពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់បក្ស ដោយត្រូវប្រកាន់ខ្ជាប់ភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១ មានរូបសញ្ញាទេវតាបាច់ផ្កាជាសម្គាល់៕