(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញសាកសួរសុខទុក្ខ នាំយកអំណោយជាសម្ភារៈ និងថវិកា ចែកជូនដល់ស្ត្រីសម្រាលកូន ស្ត្រីត្រៀមសម្រាលបុត្រ និងស្ត្រីពិនិត្យផ្ទៃពោះចំនួន ៤២នាក់ នៅឯមន្ទីរពេទ្យបង្អែកស្រុកមុខកំពូលខេត្តកណ្ដាល។

នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ គ្រានេះដែរសម្ដេចបានបានណែនាំដល់លោកចុះមកសួរសុខទុក្ខ និងនាំយកថវិកា និងសម្ភារៈ មកចែកជូនស្ត្រីដែលសម្រាលបុត្រ ត្រៀមសម្រាប់បុត្រ និងស្ត្រីមកពិនិត្យផ្ទៃពោះ ដែលជាកាយវិការយកចិត្តទុកដាក់ពិតប្រាកដមកចំពោះប្រជាពលរដ្ឋខ្មែរ។

លោក គង់ សោភ័ណ្ដ បានផ្ដាំផ្ញើរស្ត្រីជាម្ដាយគ្រប់រូប ត្រូវចេះថែរក្សាសុខភាព ពិសារអាហារដែលមានជិវឃាតិល្អ មានវីតាមីន ថែរក្សាអនាម័យ ផឹកស្អាត ហូបស្អាត សម្ភារខ្លួន និងទារកត្រូវឧស្សាហ៍បោកសំអាតជាមួយសាប៊ូ ហាលថ្ងៃឱ្យបានត្រឹមត្រូវដើម្បីសម្លាប់មេរោគ រីឯត្រៀមសម្រាលវិញ ត្រូវថែទាំខ្លួនឲ្យបានល្អ ប្រុងប្រយ័ត្នឱ្យខ្ពស់ ញ៉ាំអាហារឆ្ងាញ់ៗ មានវីតាមីន និងមកសម្រាលបុត្រនៅមណ្ឌលសុខភាព ឬមន្ទីរបង្អែកស្រុក ចំណែកស្ត្រីកំពុងមានផ្ទៃពោះ ត្រូវឧស្សាហ៍មកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ញ៉ាំអាហារមានជីវជាតិ មានវីតាមីន កុំពិសារស្រា កុំជក់បារី នៅឱ្យឆ្ងាយពីអ្នកជក់បារី ខ្លា ប៉ះពាល់សុខភាពខ្លួន និងទារកក្នុងផ្ទៃ និងត្រូវឧស្សាហ៍មកពិនិត្យផ្ទៃពោះ ហើយត្រូវសម្រាលនៅមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យបង្អែកស្រុកជៀសវាងការសម្រាលបែបបុរាណ និងត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ។

សូមជម្រាបថា អំណោយដែលយកមកចែកជូនរួមមាន៖ ឃីត ១កញ្ចប់ សារុង១ និងថវិកា ១០ម៉ឺនរៀល សម្រាប់ស្ត្រីសម្រាលបុត្រ និងត្រៀមសម្រាល ចំនួន១៩នាក់។ រីឯស្ត្រីមកពិនិត្យផ្ទៃពោះចំនួន២៣នាក់ មានថវិកា ៥ម៉ឺនរៀល និងក្រម៉ា១៕