(ពោធិ៍សាត់)៖ ក្នុងរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយជនជាតិចិន-វៀតណាម ឆ្នាំ២០២៤នេះ ទូទាំងខេត្តពោធិ៍សាត់ កើតមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន០២លើក បណ្តាលឱ្យស្លាប់មនុស្សម្នាក់ ខូចខាតមធ្យោបាយ ចំនួន០៤គ្រឿង ក្នុងនោះរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង គោយន្តកន្ត្រៃ០១គ្រឿង និងក្បាលរថភ្លើង០១គ្រឿង។

នេះបើតាមរបាយការណ៍ របស់ស្នងការរដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

របាយការណ៍បានបញ្ជាក់ផងដែរថា សភាពការណ៍សន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាមឆ្នាំ២០២៤ ពុំមានអ្វីកើត ឡើងគួរអោយកត់សម្គាល់ឡើយ។ ចំពោះបទល្មើសព្រហ្មទណ្ឌ កើតមាន០៥លើក ក្នុងនោះបទល្មើសឧក្រិដ្ឋ ១លើក និងបទល្មើសមជ្ឈឹម ០៤លើក។ បង្ក្រាបគ្រឿងញៀន បាន០១លើក, បង្ក្រាបក្មេងទំនើង បាន០១លើក ឃាត់ខ្លួនមនុស្ស០៩នាក់ ធ្វើកិច្ចសន្យា-អប់រំ នៅអធិការដ្ឋាននគរបាលស្រុក-ក្រុង។ ជាមួយគ្នានោះ ក៏មានករណីអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រុស ស្លាប់ម្នាក់ផងដែរ។

ក្នុងរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យនេះដែរ កម្លាំងសមត្ថកិច្ច បានសហការជាមួយកម្លាំងពាក់ព័ន្ធ ធ្វើការការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋកម្សាន្តសប្បាយក្នុងពិធីទទួលបានលទ្ធផលល្អប្រសើរ៕