(បាត់ដំបង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី នាព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ អមដំណើរដោយលោក

សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី កែ សួនសុភី សសុខា បាននាំអំណោយចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្រ្តីអនុរក្ស និងទណ្ឌិតនៅពន្ធនាគារ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា បានជួបសំណេះសំណាលផ្ទាល់ជាមួយទណ្ឌិត ដែលកំពុងឋិតនៅក្នុងមណ្ឌលកែប្រែទាំងអស់ ព្រមបានដើរត្រួតពិនិត្យមើលក្នុងបរិវេណ ខាងក្រៅមានការរៀបចំស្អាត សមរម្យ មានផាសុខភាពល្អ មានដាំដំណាំបន្លែ ធម្មជាតិជាច្រើនសម្រាប់ផ្គត់ផ្គង់ដល់ផ្ទះបាយបានមួយផ្នែកផង។

នាព្រឹកថ្ងៃដដែលនេះ អភិសន្តិបណ្ឌិត ស សុខា និងអ្នកម្តាយ ញ៉ែម សាខន សខេង អមដំណើរដោយលោក សុខ លូ និងលោកស្រីក៏បានបន្តសំណេះសំណាលសួរសុខទុក្ខ និងការរៀបចំអារហារជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កុមារកំព្រា ព្រមទាំងផ្ដល់នូវគ្រឿងឧបភោគ បរិភោគជូនដល់មជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងបុរីទី២ ក្នុងក្រុងបាត់ដំបង។

លោកអភិសន្តិបណ្ឌិត ស សុខា បានបន្តអញ្ជើញចូលរួមសំណេះសំណាល និងការរៀបចំអារហារជូនក្មួយៗ ជូនគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្មួយៗកុមារគរថ្លង់ នៅវិទ្យាល័យអប់រំពិសេស ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ព្រមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគជូនដល់ វិទ្យាល័យអប់រំពិសេស ក្រុងបាត់ដំបង ផងដែរ។

លោក សុខ លូ ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានថ្លែងអំណរគុណដល់អភិសន្តិបណ្ឌិត ស សុខា ដែលបានយកចិត្តទុកដាក់ បានចុះជួបសំណេះសំណាលដោយផ្ទាល់ ព្រមទាំងបាននាំគ្រឿងឧបភោគ បរិភោគ មួយចំនួនជូនដល់ពន្ធនាគារខេត្ត, ផ្ដល់នូវគ្រឿងឧបភោគបរិភោគជូនដល់មជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងបុរីទី២ ក្នុងក្រុងបាត់ដំបង និងការរៀបចំអារហារជូនក្មួយៗ ជូនគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្មួយៗកុមារគរថ្លង់ នៅវិទ្យាល័យអប់រំពិសេស ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ព្រមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគជូនដល់ វិទ្យាល័យអប់រំពិសេស ក្រុងបាត់ដំបង នេះទៀតផង៕