(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១៣៥គ្រួសារ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះនៅគ្រប់ទីកន្លែង មិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ។

លោកស្រីបានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែល មានការខ្វះខាតខិតខំកៀរគរស្វែងរកជំនួយពីសប្បុរសជននានា ទាំងថវិកា និងសម្ភារសម្រាប់ចែកជូនប្រជាពលរដ្ឋ នៅពេលកន្លងមក។

លោក សួស យ៉ារ៉ា បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលជួយផ្ដល់ស្បៀងសម្រាប់ចែកជូនប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាកដោយសារទឹកជំនន់ សកម្មភាពទាំងនេះបានបង្ហាញអំពីកាយវិការមនុស្សធម៌ របស់ថ្នាក់ដឹកនាំដែលបាន គិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

លោកបន្តថា «ថ្វីដ្បិតតែនេះជាអំណោយបន្តិចបន្តួចមិនអាចឲ្យបងប្អូន យកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឲ្យបងប្អូនខិតខំប្រកបមុខរបរបន្ថែមទៀត ទើបធ្វើឲ្យជីវភាពប្រសើរឡើង»។ ​លោកបានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវថែទាំសុខភាពដោយហូបស្អាត ផឹក រស់នៅស្អាត។

នៅក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី និងលោក សួស យ៉ារ៉ា បានឧបត្ថម្ភក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូ ក្រមារ១ សារ៉ុង១ និងឃីដ១កញ្ចប់៕