(ភ្នំពេញ)៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងសមាគមទេសចរណ៍កម្ពុជា (CATA) បានសហការគ្នារៀបចំសិក្ខាសាលាបញ្ជ្រាបចំណេះដឹងដល់និស្សិតស្ដីពីវិស័យទេសចរណ៍កម្ពុជា និងឱកាសការងារក្នុងវិស័យនេះ ក៏ដូចជាការលើកទឹកចិត្តដល់និស្សិតឱ្យយកចិត្តទុកដាក់ចំពោះវិស័យដ៏សំខាន់នេះ ដើម្បីជាកម្លាំងកសាងអភិវឌ្ឍវិស័យទេសចរណ៍ជាតិតទៅអនាគត។

សិក្ខាសាលានេះធ្វើឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមអធិបតីភាពលោកស្រី ឆាយ ​ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) និងលោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាមួយនឹងវត្តមានតំណាងក្រសួងទេសចរណ៍ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ និងក្រុមនិស្សិតជំនាញទេសចរណ៍ប្រមាណ១០០នាក់ទៀត។

នាឱកាសនោះ លោកបណ្ឌិត សេង ប៊ុនធឿន បានលើកទឹកចិត្តដល់និស្សិតឱ្យបង្កើនការស្រឡាញ់ទឹកដី ប្រទេសជាតិ ខិតខំសិក្សាពីចំណេះពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ វប្បធម៌ ទេសចរណ៍ និងព្យាយាមត្រង់ត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់វាគ្មិន អ្នកជំនាញ សាស្ត្រាចារ្យ ពិសេសគឺបទបង្ហាញរបស់លោកស្រីប្រធានសមាគម CATA។

លោកស្រី ឆាយ ស៉ីវលីន បានធ្វើបទបង្ហាញពីចំណេះដឹងជាច្រើន និងមានសារសំខាន់ពីវិស័យទេសចរណ៍ ការអភិវឌ្ឍប្រទេសជាតិ ធនធានក្នុងប្រទេសដែលមានសក្ដានុពលផ្នែកទេសចរណ៍ ក៏ដូចជាការងារក្នុងវិស័យទេសចរណ៍ផងដែរ។

លោកស្រីបានបង្ហាញអំពីភាពខ្លាំងរបស់កម្ពុជា ដូចជា តំបន់បេតិកភណ្ឌ វប្បធម៌ ភាពរួសរាយរបស់ប្រជាជន ម្ហូបអាហារ បដិសណ្ឋារកិច្ច ពិសេសគឺការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគាំទ្រវិស័យទេសចរណ៍ ដែលបានចូលរួមក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជា។

លោកស្រីប្រធានក៏បានលើកទឹកចិត្តដល់និស្សិតទាំងឡាយ សូមកុំមានការព្រួយបារម្ភចំពោះឱកាសការងារក្នុងវិស័យទេសចរណ៍ ទោះបីជាយើងបានជួបវិបត្តិជាច្រើនកន្លងមកដែលប៉ះពាល់ដល់វិស័យទេសចរណ៍ក៏ដោយ តែបច្ចុប្បន្នវិស័យទេសចរណ៍នេះក៏កំពុងត្រូវបានលើកស្ទួយឡើងវិញបន្តបន្ទាប់ហើយ ដែលជាក្ដីសង្ឃឹមថ្មីសម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក៏ដូចជានិស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ និងជំនាញពាក់ព័ន្ធផ្សេងទៀត។

គួរជម្រាបថា សិក្ខាសាលានេះដែរក៏បានលើកជាសំណួរនិងចម្លើយរវាងនិស្សិត និងវាគ្មិនជាច្រើនផងដែរ ដើម្បីសង្កត់ធ្ងន់បន្ថែមទៅលើចំណុចសំខាន់ៗ និងគួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីក្រុមនិស្សិតត្រង់ត្រាប់ស្ដាប់ការធ្វើបទបង្ហាញរបស់វាគ្មិនក្នុងអង្គសិក្ខាសាលានេះ៕