(កណ្ដាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារ PWG ខេត្តកណ្តាល រួមជាមួយថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ ដើម្បីចែករំលែកបទពិសោធន៍ស្តីពី «ភាពជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកណ្តាល» ដែលជំនួបពិភាក្សានេះធ្វើឡើងនៅមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តកណ្ដាល។

ក្នុងជំនួបពិភាក្សាលោក នុត ពុធដារ៉ា បានថ្លែងថា ខេត្តកណ្តាល បានទទួលជយលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២ ដែលភាពជោគជ័យនេះ គឺអាស្រ័យដោយមានការដឹកនាំចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសក្រសួងបានបង្កើតនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ក៏ដូចជាយន្តការសម្របសម្រួលនានា លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលជាផែនទីចង្អុលបង្ហាញផ្លូវមួយយ៉ាងសំខាន់ សម្រាប់ប្រតិបត្តិការងារទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបានបន្តថា ការសម្រេចបានជយលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ក៏អាស្រ័យដោយមានការគាំទ្រពេញទំហឹងពី លោក គង់ សោភ័ណ្ឌ ខេត្តកណ្ដាល រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ វិស័យឯកជន សប្បុរសជន អង្គការ សមាគម ជាពិសេសការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលពួកគាត់មានការយល់ដឹងច្រើន តាមរយៈការអប់រំ ផ្សព្វផ្សាយ និងបានផ្លាស់ប្តូរឥរិយាបទ ដោយការសាងសង់ និងប្រើប្រាស់ បង្គន់ ការលាងដៃនឹងសាប៊ូនៅពេលចាំបាច់ និងការហូបទឹកមានសុវត្ថិភាព។

លោក នុត នុធដារ៉ា បានបន្ថែមថា ដ្បិតថាខេត្តកណ្តាលទទួលបានជោគជ័យពីការបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) ក៏ពិតមែន ប៉ុន្តែក៏មិនមែនបានន័យថា រដ្ឋបាលខេត្តឈប់គាំទ្រ ឈប់សហការឈប់ធ្វើលើការងារ អនាម័យនេះតទៅទៀតនោះដែរ ដោយបច្ចុប្បន្ន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បាននិងកំពុងដុតដៃ ដុតជើង ដោយបានធ្វើយុទ្ធនាការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ជាបន្តទៀត ហើយលោកសង្ឃឹម និងជឿជាក់ថា ខេត្តកណ្តាលនឹងទទួលបានជោគជ័យ នៅដើមឆ្នាំ២០២៤ ជាក់ជាមិនខាន។

បន្ទាប់ពីជំនួបពិភាក្សានេះមក លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានអញ្ជើញប្រតិភូមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំ អញ្ជើញទស្សនកិច្ចសិក្សានៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ដើម្បីស្ដាប់នូវរបាយការណ៍ និងពិនិត្យស្ថានភាពការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងចុះពិនិត្យផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ ដែលជាប្រជាពលរដ្ឋប្រភេទក្រ១ និងក្រ២ ដែលមានទឹកស្អាត និងប្រើប្រាស់បង្គន់អនាម័យគ្រប់គ្រាន់ផងដែរ៕