(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងជាប្រធានយុវជន ស.ស.យ.ក ស្រុក នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ ជាច្រើរូបទៀត បានចុះសួរសុខទុក្ខ និងនាំអំណោយលើកទឹកចិត្តពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានយុវជន ស.ស.យ.ក ថ្នាក់កណ្តាល ជូនដល់លំនៅដ្ឋានប្អូនប្រុស២នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុប ទទួលបាននិទ្ទស A។

នៅក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ បានផ្តាំផ្ញើនូវសាកសួសរសុខទុក្ខពីលោក ហ៊ុន ម៉ានី និងលោក គីម រិទ្ធី ជូនចំពោះក្រុមគ្រួសារ និងប្អូនប្រុសទាំង២នាក់ផងដែរ ព្រមទាំងចូលរួមអបអរសាទររីករាយជាមួយក្រុមគ្រួសារ ដែលប្អូនប្រុសទាំង២នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុបក្នុងឆ្នាំ២០២៣ ដោយទទួលបាននិទ្ទេស A និងលើកទឹកចិត្តដល់ប្អូនប្រុសទាំង២ ត្រូវបន្តខិតខំរៀនសូត្រថែមទៀតនៅថ្នាក់មហាវិទ្យាល័យ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ប្អូនប្រុសទាំង២នាក់រៀ ននៅវិទ្យាល័យ ហ៊ុន សែន រវៀង ដែលប្រឡងជាប់និទ្ទេស A មានឈ្មោះទី១៖ ឈ្មោះ បួ សម្បត្តិ រស់នៅភូមិប៉ាលហាល ឃុំរីករាយ និងឈ្មោះ រិន សុភ័ក្រ រស់នៅភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។ អំណោយដែលនាំយកទៅប្រគល់ជូននៅពេលនេះក្នុងម្នាក់ៗទទួលបាន៖អង្ករ០១បេ ទឹកវីតាល់០៣កេះ ទឹកក្រូ០២កេះ ទឹកផ្លែឈើ០១កេះ ទឹកសុីអុីវ០១យួ សៀវភៅ១០ក្បាល ប៊ិច១០ដើម និងថវិកា ១,០២០,០០០រៀល។

សូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នៅខេត្តព្រះវិហារ មានបេក្ខជនប្រឡងសរុបចំនួន១,៨៤០នាក់ ស្រី ៩៧១នាក់ ជាលទ្ធផលបេក្ខជនដែលបានប្រឡងជាប់មានចំនួន១,៥៥៩នាក់ ស្រី ៨៥៤នាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន០៣នាក់ រួមមាន៖ សិស្សវិទ្យាល័យរវៀងចំនួន ០២នាក់(ប្រុស) និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ចំនួន ០១នាក់ (ស្រី) ផងដែរ៕