(សៀមរាប)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីក្រុងពាលីពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដើមី្បបង្កនូវភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ពិធីនេះដែរ ក្រោមវត្តមានរបស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោក ពិន ប្រាកដ អភិបាលរង និងលោក សុខ ថុល អភិបាលរងខេត្ត និងលោក លី វណ្ណៈ នាយករដ្ឋបាល ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ 

នាយករដ្ឋបាលសាលាខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏ដូចជាសហព័ន្ធប្រដាល់ ជាមួយគ្នានេះដែរ ក៏មានកម្មវិធីជាច្រើនក្រៅពីព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ក៏មានទីតាំងតោះទោះទៅលេងទឹក ជិះទូកកម្សាន្ត ផ្សារទឹក និងល្បែងកម្សាន្តនៅតាមដងស្ទឺង ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។ លោកបន្តថា ក៏មានឆាកតន្ត្រី និងស្តង់តាំងពិរពណ៌ជាង៤០០ស្តង់ ព្រមទាំងមានការប្រដាល់ ដែលមានការចូលរួមកីឡាបរទេសមកពី៥ប្រទេសផងដែរ។

លោក លី វណ្ណៈ បានបន្តថា ដោយកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបន្ទាប់ពីវិបត្តិជំងឺកូវីដមក ខេត្តសៀមរាប មិនមានព្រឹត្តិការណ៍ធំៗនោះឡើយ ចំពោះការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ក៏ជាការទាក់ទាញភ្ញៀវទេសចរណ៍ជា តិអន្តរជាតិ ឲ្យមកទស្សនាខេត្តសៀមរាប កាន់តែច្រើនថែមទៀត។

ជាមួយនេះដែរ លោកនាយករដ្ឋបាល ក៏បានសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនា សូមចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងបរិស្ថាន ជៀសវាងការចោលសំរាមពាសវាពីកាល។ ដោយសារកម្មវិធីរៀបចំឡើងនៅកណ្តាលក្រុង ដូច្នេះក៏សូមអធ្យាស្រ័យដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំពោះការស្ទះចរាចរណ៍ផងដែរ៕