(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣​នោះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំលាបគំនូសចរាចរណ៍ លាបកំបោនៅតាមគល់ឈើ និងការតុបតែងភ្លើងពណ៌តាមដើមឈើ និងដងផ្លូវនានា និងបានរៀបចំតុបតែងខ្លោងទ្វារ បំភ្លឺភ្លើងពណ៌យ៉ាងស្រស់ស្អាតរួចរាល់ហើយ ដើម្បីត្រៀមស្វាគមន៍ប្រជាពលរដ្ឋ ដែលមកកម្សាន្ត។

តាមរដ្ឋបាលរាជធានីភ្នំពេញ, ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ សាលារាជធានី ក៏បានចូលរួមជាមួយស្ថាប័ននានា និងវិស័យឯកជន ត្រៀមទីតាំងដើម្បីបង្កើតភាពសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣ ដូចខាងក្រោម៖

១៖ កម្មវិធី «ទីជលគុណ» រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្ថិតនៅសួនច្បារមុខវត្តបទុមវតីផ្នែកខាងជើង សង្កាត់ចតុមុខ ខណ្ឌដូនពេញ

២៖ កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារ មុខវត្តបទុមវតីផ្នែកខាងត្បូង សង្កាត់ចតុមុខ ខណ្ឌដូនពេញ

៣៖ កម្មវិធីប្រគំតន្រ្តី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្ថិតនៅរមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំផ្នែកខាងលិច សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

៤៖ កម្មវិធីប្រគំតន្ត្រី រៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ស្ថិតនៅរោងអាយ៉ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

៥៖ កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅលើសួនច្បារ ទល់មុខក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (CDC) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

៦៖ កម្មវិធីប្រគំតន្ត្រី រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅក្បែរសួនច្បារ មាត់ទន្លេទល់មុខផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ

៧៖ កម្មវិធី ប្រដាល់គ្រុឌគុនខ្មែរ រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ស្ថិតនៅសួនច្បាររូបសំណាកព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

៨៖ កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅក្បែរសួនរង្វង់មូល នាងទេពមច្ឆា (តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

៩៖ កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារ កោះពេជ្រ City Hall សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

១០៖ កម្មវិធីប្រគំតន្ត្រីរៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅមុខសាលមហោស្រព កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

១១៖ ការរៀបចំស្តង់តាំងលក់ផលិតផល រៀបចំដោយមជ្ឈមណ្ឌសន្និបាត និងពិពរណ៍ កោះពេជ ស្ថិតនៅមជ្ឈមណ្ឌសន្និបាត និងពិពរណ៍ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

១២៖ កម្មវិធីប្រគំតន្ត្រី រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅតំបន់ទីក្រុងរណប កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សូមជម្រាបថា ពិធីបុណ្យអុំទូកនៅប្រទេសកម្ពុជា គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យនានា នៃប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ពិធីបុណ្យនេះត្រូវបានកំណត់ នៅក្នុងទ្វាទសមាសប្រចាំឆ្នាំ ដែលប្រារព្ធធ្វើជាទូទៅនៅក្នុងខែវិច្ឆិកា ត្រូវនឹងខែកក្តិកនៃប្រតិទិនចន្ទគតិ ដែលក្នុងពេលនោះក៏មានពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល៣ ថ្ងៃគឺពីថ្ងៃ ១៤ កើតដល់ថ្ងៃ១រោច ខែកក្តិក។

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ​គឺចាប់ពីថ្ងៃទី២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង បន្ទាប់ពិធីបុណ្យប្រពៃណីជាតិមួយនេះ ត្រូវបានខកខានក្នុងការប្រារព្ធប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ១៩, កម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំមុន និងបញ្ហាមួយទៀត។

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ មាន​ទូកង ប្រមាណ​ជាង ៣០០ទូក បានចូលរួមប្រកួតប្រជែង និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ប្រមាណ៣០ប្រទីប មានវត្តមាននៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះផងដែរ៕