(ភ្នំពេញ)៖ ថ្មីៗនេះ មានការសម្រេចចិត្តចូលរួមសហការបន្ថែមទៀតជាមួយក្រសួងបរិស្ថាន ពីក្រុមយុវជននៃសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម សមាគមកសិករដើម្បីអភិវឌ្ឍន៍ជីវភាព និងសមាគមជាតិមួយចំនួនទៀត បើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដើម្បីជំរុញចលនា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» ជាមួយកីឡាករអុំទូក និងប្រជាពលរដ្ឋដែលមកកម្សាន្ត នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ បាននឹងកំពុងទទួលបានការគាំទ្រ និងចូលរួមដោយផ្ទាល់ពីមនុស្សជាង ៣លាននាក់ ដែលក្នុងនោះអ្នកចូលរួមបានប្តេជ្ញាចិត្ត មិនប្រើបថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ និងឈានទៅ២ ឬ ៣ថ្ងៃ ក្នុងមួយសប្តាហ៍ និងបានធ្វើឱ្យកម្ពុជា ក្នុង១ថ្ងៃ អាចកាត់បន្ថយថង់ប្លាស្ទិកប្រមាណ១៥លានថង់។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមពីមនុស្សដ៏ច្រើនក្នុងយុទ្ធនាការកន្លងមកនេះ ជាឆ្លុះបញ្ជាំងពីការការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀន ប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ សហគ្រាស កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមកាយឬទ្ធិនារីកម្ពុជា និងអាជ្ញាធរខេត្តចំនួន ១៣ផ្សេងទៀត ដែលបានចុះអនុស្សារណៈយោគយល់ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។ នៅពេលនេះ អង្គការសមាគមក្នុងស្រុកមួយចំនួនទៀត បានសហការចូលរួមក្នុងយុទ្ធនាការ ដែលបង្ហាញពីការរួមសាមគ្គីខ្មែរតែមួយ ដើម្បីធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត ដោយប្រកាន់ខ្ជាប់នូវអនាម័យ សុខភាព និងបរិស្ថាន។

លោករដ្ឋមន្រ្តី បានបន្ថែមថា សកម្មភាព និងការចូលរួម ចេញពីបេះដូងនាពេលនេះ គឺជាកត្តាសំខាន់បំផុត ក្នុងការគាំទ្រដល់អាទិភាព និងយុទ្ធាសាស្រ្ត របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ក្នុងការជំរុញការលើកកម្ពស់បរិស្ថាន សោភ័ណភាពរបស់កម្ពុជា ឱ្យស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី។

លោករដ្ឋមន្រ្តី មានជំនឿមុតមាំថា យើងរួមគ្នា ខ្មែរធ្វើបាន! «ប្រជាជនទាំងអស់ នឹងចូលរួម ក្នុងចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះនៅកម្ពុជា ស្របនឹងនិន្នាការសកល ដើម្បីប្រទេសយើងស្អាត ភាពស្អាតសម្រាប់យើងទាំងអស់គ្នា៕