(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចពិភាក្សា ស្តីពី «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅទីស្នាក់កណ្តាលកាកបាទក្រហមកម្ពុជា។

កិច្ចពិភាក្សាខាងលើនេះ ក៏មានសមាសភាពចូលរួមពីវាគ្មិនជំនាញៗ ពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល, អង្គការយូអិនអេដស៍ប្រចាំកម្ពុជា, អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) និងពីតំណាងយុវជនផងដែរ។ កម្មវិធីខាងលើនេះ ក៏មានការសម្របសម្រួលដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កិច្ចពិភាក្សានេះបានធ្វើឡើងដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ។លោកស្រីបន្ដថា «កិច្ចពិភាក្សាបែបនេះ យើងតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ជាពិសេសតាំងពីឆ្នាំ២០០៦ គឺចាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលគោរមងារពីអង្គការសហប្រជាតិជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា»

លោកស្រី ម៉ែន នារីសោភ័គ បានគូរសបញ្ជាក់ទៀតថា «កន្លងមកនេះក្រៅពីកិច្ចពិភាក្សាទៅលើប្រធាននានា ពីជំងឺអេដស៍ ក្រុមការងាររបស់យើងក៏បានចុះផ្សព្វផ្សាយអប់រំដោយផ្ទាល់ដល់សិស្ស និស្សិត នៅតាមសាកលវិទ្យាល័យ និងប្រជាពលរដ្ឋនៅតាមបណ្ដារោងចក្រនានា និងតាមសហគមន៍ផងដែរ។ ហើយលោកស្រីជឿជាក់ថា ការអប់រំផ្សព្វផ្សាយដែលផ្ដោតទៅលើយុវជន ជាពិសេសក្រុមគោលដៅ ដែលយើងបានធ្វើឡើងតាំងពីដើមរៀងមក នឹងចូលរួមចំណែកឱ្យសម្រេចបានជោគជ័យ ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥»

ដើម្បីជ្រាបកាន់តែច្បាស់ពីប្រធានបាទខាងលើនេះ សូមអញ្ជើញទស្សនាកិច្ចសម្ភាស របស់លោកស្រី ម៉ែន នារីសោភ័គ ដែលមានដូចតទៅ៖