(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅថ្វាយង្គំព្រះសង្ឃ និងជួសំណេះសំណាលជាមួយបងប្អូនចំណុះទូក «ង» មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានមកដល់រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែវិច្ឆិកាម្សិលមិញ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រីបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ។

ទូក «ង» មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ វត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំគណៈកម្មការទូកចំនួន ១០០ នាក់។ ទីតាំងចំណតទូក «ង» មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ ស្ថិតនៅមាត់ទន្លេខាងមុខ សាលាបឋមសិក្សាដើម គ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អំណោយដែលត្រូវចែកជូនដល់ចំណុះទូក «ង» មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ វត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន រួមមាន៖ ថវិកា ២៦លានរៀល ខោ អាវ ចំនួន ៣០០កំប្លេរ និងមួកចំនួន ៣០០ មានពណ៌ស ខៀវ និងលឿង ដែលមានដាក់ឡូហ្គោក្រសួងព័ត៌មាន និងឈ្មោះ ទូក «ង» មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ, អង្ករ ២០០គីឡូ, មី ២០កេស, ត្រីខ ១កេស ស្មើ ១០០កំប៉ុង, គោជល់ ៣០កេស, បាកាស ២០កេស, ប្រេងឆា ១ កេស, ទឹកសុីអុីវ ២យួរ, ទឹកត្រី ២យួរ, ស្ករ ៥គីឡូ, អំបិល ៥គីឡូ, ខ្ទឹមស ៥គីឡូ, ប៊ីចេង ២គីឡូ, ម្ស៉ៅស៊ុប ២គីឡូ។

ក្នុងឱកាសនេះដែរ លោក រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ចំណុះ ទូក «ង» មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ ត្រូវបន្តហ្វឺកហាត់អោយបានល្អបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សេចក្តីថ្លៃ និងការរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ បើសិនជាក្រុមកីឡាករ ទូក «ង» មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ ទទួលបានជ័យជម្នះរយៈពេល ៣ថ្ងៃនេះលោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា នឹងផ្តល់ជូនថវិកាលើកទឹកចិត្តបន្ថែមទៀត ចំនួន ១០លានរៀល៕