(ឧត្តរមានជ័យ)៖ នេះចាត់ទុកជាសំណាង១ ក្នុង១០០០គ្រោះថ្នាក់ ដែលបុរសម្នាក់បានរងរបួសស្រាល ខណៈត្រាក់ទ័របានរងការខូចខាតទាំងស្រុង ដោយសារករណីផ្ទុះមីនតោនកក្រើកឡើងពេលកំពុងភ្ជួរដី។

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៥:៤០ នាទីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិត្រាំប៉ោងត្បូង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រះប្រឡាយ បានឱ្យដឹងថា ជនរគ្រោះដោយសារផ្ទុះមីនតោនមានឈ្មោះ ថ្លែង រដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មានប្រពន្ឌឈ្មោះ រ៉ន សុី អាយុ២៧ឆ្នាំ មានកូនតូចមួយក្នុងបន្ទុក រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រមួយគ្រឿងម៉ាក បែឡារ៉ួស (សូវៀត) ព្យួរដីក្បែរភូមិ បណ្ដាលឱ្យជាន់មីនតោនផ្ទុះកក្រើកឡើង ធ្វើឱ្យខូចខាតត្រាក់ទ័រទាំងស្រុង ចំណែកជនរងគ្រោះរងរបួសស្រាល ត្រូវបានបញ្ជូនយកទៅព្យាបាលនៅឯនៅមន្ទីរពេទ្យស្រុកត្រពាំងប្រាសាទ៕