(រតនគិរី)៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលរៀបចំឡើងដោយខេត្តរដ្ឋបាលខេត្តរតនគិរី ចាប់ពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានបឹងកន្សែង ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រីបានប្រព្រឹត្តទៅយ៉ាងរលូន ត្រចះត្រចង់ ពោរពេញទៅដោយសម្រែក ហ៊ោរកញ្ជ្រៀវ សប្បាយរីករាយ ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន រួមជាមួយនឹងក្រុមកីឡាករ កីឡាការនីចំណុះទូកទាំង៣៦ទូកផងដែរ។

ថ្លែងក្នុងពិធីបិទបញ្ចប់ការប្រណាំងទូកនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អភិបាលខេត្តរតនគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមសហការរៀបចំផលិតទូក និងសម្រិតសម្រាំង តុបតែងទូកបានល្អ ព្រមទាំងមានកីឡាករ កីឡាការិនីឆ្នើមៗ ដែលមានកម្លាំងខ្លាំងខ្លាប្រកប ដោយថាមពល និងមានបច្ចេកទេសគ្រប់គ្រាន់ ដែលធ្វើឱ្យពិធីប្រណាំងទូកនាឆ្នាំនេះបានដំណើរការ ទៅដោយរលូន និងទទួលបានជោគជ័យស្របតាមកម្មវិធីដែលបានគ្រោងទុក។

លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំពិធីប្រណាំងទូក និងគ្រប់ អនុគណៈកម្មការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមសហការបានល្អ ទាំងការងារតុបតែងលម្អភ្លើងពណ៌ ការរៀបចំប្រទីប ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ការងាររៀបចំបច្ចេកទេសប្រណាំងទូក ការផ្សព្វផ្សាយព័ត៌មាន ការរៀបចំស្តង់ ពិព័រណ៍បង្ហាញ និងលក់ផលិតផលនានា ក៏ដូចជាការសំអាត អនាម័យ បរិស្ថាន។

លោក ញ៉ែម សំអឿន បានថ្លែងថានេះ ជាមានមោទកភាព និងសូមថ្លែងនូវការកោតសរសើដោយស្មោះចំពោះគ្រប់យ៉ាងដែលបានកើតឡើង នៅក្នុងព្រឹត្តិការណ៍នៃការរៀបចំពិធីប្រណាំងទូកនៅលើទឹកដីខេត្តរតនគិរី នាឆ្នាំ២០២៣នេះ។

ព្រឹត្តិការណ៍ពិធីប្រណាំងទូកនេះនឹងនាំមកនូវក្តីសប្បាយរីករាយសម្រាប់មន្ត្រី រាជការគ្រប់ជាន់ថ្នាក់ បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទទួលអំណរសាទរ និងផ្តល់នូវផលប្រយោជន៍ជារួមសម្រាប់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខេត្ត និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋទូទៅក្នុងខេត្តរតនគិរីទាំងមូល។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញថា ពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុករយៈពេល២ថ្ងៃនៅបឹងកន្សែងក្រុងបានលុងមានប្រជាពលរដ្ឋក្នុងខេត្តមានការចូលទស្សនាកម្សាន្តចំនួន៤៨,២០៩នាក់, ភ្ញៀវទេសចរជាតិ ៩,៨៩៣នាក់ និងភ្ញៀវអន្តរជាតិ៩១៧ នាក់ សរុបរួម ៥៩,០១៩នាក់៕