(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញទទួលទឹកពិសាកម្ពុជាចំនួន៥ពាន់កេសពីក្រុមហ៊ុន ជីប ម៉ុង សម្រាប់ឧបត្ថម្ភក្នុងព្រះរាជពិធីបុណ្យទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

ពិធីប្រគល់-ទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប និងលោកស្រី នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងទាំងអស់ក្នុងរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា និងលោកស្រី ដែលបានឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន៥,០០០កេស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

តាមរយៈអំណោយខាងលើ បានបង្ហាញឱ្យឃើញអំពីទឹកចិត្ត និងការគិតគូរជូនដល់រន្ត្រីរាជការ និងកងកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញតួនាទី-ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣៕