(ភ្នំពេញ)៖ ស្អែកនេះ ជាថ្ងៃទី១ នៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការរៀបចំព្រះរាជពិធីបុណ្យទូកឡើងវិញ ក្រោយប្រទេសកម្ពុជា បានខកខានប្រារព្ធអស់រយៈពេល ៣ឆ្នាំមក ដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩ និងកត្តាមួយចំនួនផ្សេងទៀត។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ គឺមានទូកចូលរួមប្រកួតប្រជែងចំនួន ៣៣៨ទូក មកពីគ្រប់រាជធានី-ខេត្ត មានកីឡាករ កីឡាការិនី ចំណុះទូកប្រមាណ ២ម៉ឺននាក់ និងមានប្រទីបចូលរួមប្រមាណជាង៣០ ប្រទីប។

ជាមួយនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ លោក អ៊ុំ ចាន់ សារី មានវ័យជាង៧០ឆ្នាំ​ បានថ្លែងថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៣នេះ គឺមានភាពល្អ និងធំជាងព្រឹត្តិការណ៍មុនៗ។ ការរៀបចំព្រះរាជពិធីបុណ្យអុំទូកឡើងវិញ គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដោយបានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់តាំងពីកន្លែងស្នាក់នៅ អាហារហូបចុក ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យជាដើម។

លោក ចាន់ សារី បានបន្តថា៖ «ខ្ញុំពេញចិត្តខ្លាំង ចំពោះការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះ រាជរដ្ឋាភិបាលលោកយកចិត្តទុកដាក់ជាមួយក្រុមកីឡាករ ដែលមកពីខេត្តនានាទាំងអស់ ដូចឆ្នាំនេះល្អមែនទែន ខ្ញុំមិននឹកស្មានថាដល់ប៉ុណ្ណឹងនោះទេ»

លោក ហេង ធី ដែលជាចំណុះទូកអញ្ជើញមកពីខេត្តកំពង់ឆ្នាំង បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងនាមជាកីឡាករអុំទូកជិត២០ឆ្នាំ ១រូប ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះឡើងវិញ ក្រោយខកខានរយៈពេល៣ឆ្នាំ។

លោក ហេង ធី បានគូសបញ្ជាក់ថា៖ «សប្បាយចិត្តខ្លាំងណាស់ ដែលសម្តេចបានបើកឱ្យលេងឡើងវិញ (ព្រះរាជពិធីបុណ្យអុំទូក) ដែលជាប្រពៃណីដូនតារបស់ខ្មែរយើង ខណៈអាជ្ញាធរបានរៀបចំកន្លែងស្នាក់នៅបានល្អ»

បើតាមព្រះតេជគុណ កែវ រុណ និមន្តមកពីវត្តពោធិ៍អណ្តែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានសង្ឃដីការថា សម្រាប់ចូលរួមប្រណាំងទូកក្នុងឱកាសព្រះរាជពិធីបុណ្យទូកនៅឆ្នាំ២០២៣នេះ សម្រាប់ព្រះអង្គមានទូកចំនួន១ ជាប្រភេទទូកចែវ ចូលរួមដែលាមានឈ្មោះថា ឬទ្ធីសែន មានជ័យបារមីពោធិអណ្តែត។

ព្រះតេជគុណ កែវ រុណ មានសង្ឃដីការថា ព្រះអង្គមានអារម្មណ៍សប្បាយរីករាយ ដែលរាជរដ្ឋាភិបាលរៀបចំព្រះរាជពិធីនេះឡើងវិញ ក្រោយខកខាន៣ឆ្នាំមកនេះ។ «ការរៀបចំពិធីនេះឡើងបានគឺដោយសារតែកម្ពុជា មានសន្តិភាព កាលណាមានសន្តិភាព ប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ធ្វើឱ្យប្រជាជនអាចដើរហើរ មានជីវភាពធូរធា»។

ដោយឡែកសម្រាប់ លោក យង់ ឃៀន មកពីវត្តកំពង់ព្រះឃុំឆ្នុកទ្រូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បង្ហាញការសប្បាយរីករាយដែលរដ្ឋាភិបាលរៀបចំឱ្យមានការប្រណាំងទូកនៅរាជធានីភ្នំពេញឡើងវិញ។ លោកពូថា «បែកភ្នំពេញ ៤ឆ្នាំហើយលោកពូនឹកភ្នំពេញ គ្រាន់តែរដ្ឋាភិបាលបើកឱ្យរៀបចំព្រះរាជពិធីបុណ្យអុំទូកវិញ គឺសប្បាយចិត្តយ៉ាងខ្លាំង»

ជាអ្នកចូលរួមអុំទូកជាង២០ឆ្នាំ លោកពូ ឃៀន បានបង្ហាញការយល់ឃើញថា ការរៀបចំឱ្យមានព្រះរាជពិធីបុណ្យអុំទូកឡើងវិញ គឺការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់អាចមកលេងកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យជាតិនេះផងដែរ៕