(ភ្នំពេញ)៖ ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគលើគ្រប់វិស័យនោះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងបន្តងើបឡើងវិញយ៉ាងឆាប់រហ័សនាបណ្ដាឆ្នាំខាងមុខ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ហើយអាជីវកម្មទាំងនោះកំពុងដំណើរការដោយរលូន ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ជាក់ស្តែងការសម្ពោធបើកដំណើរការផ្សាររាត្រី «ភូមិអាហារ» របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា នាពេលនេះ គឺជា សក្ដានុពលអាជីវកម្ម សម្រាប់បំពេញតម្រូវការទីផ្សារជាក់ស្តែង ដែលនឹងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងទីក្រុង ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឬស្សីកែវនេះតែម្តង។

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសម្ភោធផ្សាររាត្រី «ភូមិអាហារ» របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ឯ.ក មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ឃួង ស្រេង ការសម្រេចចិត្តរបស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ដែលបានបណ្តាក់ទុន បើកដំណើរការផ្សាររាត្រីភូមិអាហារ នាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវសមស្របទៅនឹងកាលៈទេសៈ ព្រឹត្តិការណ៍សង្គមកម្ពុជា ជាពិសេសគឺជាការត្រៀមលក្ខណៈទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋពីគ្រប់ខេត្ត ដែលនឹងអញ្ជើញមកដើរកកម្សាន្ដក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយផ្សាររាត្រី ភូមិអាហារ នឹងក្លាយជាជម្រើសដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋក្នុងចំណុចប្រសព្វរវាងខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ ថែមទៀតផង។

លោក ឃួង ស្រេង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ផ្នែកឯកជន គឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាល ម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នាឆ្នាំ២០៥០ខាងមុខនេះ។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង ៥រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ជាមួយគ្នានេះ លោកអភិបាលរាជធានី ក៏បានផ្តាំផ្ញើឲ្យគណៈគ្រប់គ្រងផ្សារ ត្រូវចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់-ចំណតរបស់អតិថិជន ចៀសវាងបង្កការកកស្ទះ ការរំខាននានាដល់អ្នកធ្វើដំណើរតាមដងផ្លូវ ដោយត្រូវចាត់ទុកថា «ការរៀបចំសណ្តាប់ធ្នាប់-ចំណតជូនអតិថិជនបានល្អប្រសើរ គឺជាការចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងជាចំណុចទាក់ទាញមួយដ៏សំខាន់សម្រាប់មូលដ្ឋានអាជីវកម្មរបស់ខ្លួនផងដែរ»។

លោក ខ្លីហ្វ កហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ថ្លែងថា ផ្សាររាត្រីនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ «អតីតឃ្លាំងសាំង» គឺជាគម្រោងអភិវឌ្ឍន៍ពិសេសមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អីស្ទេត គ្រុប ដើម្បីឆ្លើយតបទៅនឹងទំនួលខុសត្រូវសង្គម។

ផ្សារនេះ មានស្តង់ជាង៣០០ ដែលមានទាំងអាហារ ភេសជ្ជៈ និងទំនិញគ្រប់ប្រភេទ ដែលបានចូលរួមលើកកម្ពស់ឱកាសការងារសម្រាប់ប្រជាជនក្នុង ទីក្រុងភ្នំពេញ។ គម្រោងនេះដែរ គ្របដណ្ដប់លើផ្ទៃដីសរុប១,៨ហិកតា ដែលក្នុងនោះ មានវិថីពាណិជ្ជកម្ម ស្ដង់អាហារភេសជ្ជៈ និងផ្សារលក់រាយ ដែលអាចបំពេញនូវរាល់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការកម្សាន្ត និងការសម្រាកលំហែផងដែរ៕